ក្ដៅគគុក! សមាគមបាល់ទាត់ថៃសម្រេចដាក់ទោស កីឡាករ និងបុគ្គលិកអ្នកគ្រប់គ្រង ៥ នាក់ពាក់ព័ន្ធនឹងការបង្កចលាចលថ្ងៃមុន
នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ នេះ សមាគមបាល់ទាត់ថៃ បានចេញសេចក្ដីប្រកាសពីការដាក់ពិន័យ ចំពោះមន្ត្រីក្រុមជម្រើសជាតិថៃ និងអទ្តពលិក ដែលជាប់ពាក់ព័ន្ធនឹងការបង្កភាពចលាចលអំឡុងពេលប្រកួតដណ្ដើមមេដាយមាសជាមួយឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២។
គណៈកម្មាធិការស៊ើបអង្កេត ដែលដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amnuay Nimmano បានបើកកិច្ចស៊ើបអង្កេត ប្រមូលភស្តុតាងតាំងពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ ហើយបញ្ចប់នៅថ្ងៃទី ២២ ខែឧសភា។
ដោយលទ្ធផលសម្រេចជាឯកច្ឆ័ន្ធថា គ្រូបង្វឹកអ្នកចាំទីលោក Prasadchok Chokmoh លោក Mayed Matadam និងលោក Patrawut Wongsripuek បុគ្គលិកផ្នែកគ្រប់គ្រងក្រុម ត្រូវព្យួរការងារពីក្រុមជម្រើសជាតិថៃគ្រប់រូបភាពរយៈពេល ១ ឆ្នាំ ដោយយោងតាមមាត្រា ៧ ផ្នែកទី ៣ ការពិន័យប្រការ ១០.៩ យន្ដការប្រព័ន្ធអនុវត្តក្រមសីលធម៌ និងការដាក់ទណ្ឌកម្ម។
ចំណែកកីឡាករលោក Soponwit Rakyart អ្នកចាំទី និងជាសមាជិកក្រុមជម្រើសជាតិថៃ ជាមួយលោក Teerapak Pruengna កីឡាករបម្រុងឱ្យក្រុមជម្រើសជាតិថៃពាក់អាវលេខ ១៨ ក៏បានចូលរួមក្នុងការប្រតាយប្រតប់ ត្រូវពិន័យព្យួរការងារ និងការចូលរួមប្រកួតពីក្រុមជម្រើសជាតិថៃ គ្រប់ការប្រកួតរយៈពេល ៦ ខែ ដោយយោងតាមមាត្រទី ៧ ផ្នែកទី ៣ ប្រការ ១០.៨ យន្ដការប្រព័ន្ធអនុវត្តក្រមសីលធម៌ និងការដាក់ទណ្ឌកម្ម៕