ភ្លៀងធំយប់មិញ សិល្បករមួយចំនួន ខកខានឱកាសចេញសម្ដែងក្នុងពិធីបិទស៊ីហ្គេមលើកទី ៣២
ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ការសម្ដែង ទិដ្ឋភាពកាំជ្រួចភ្លឺភ្លែតពេញផ្ទៃមេឃ នៅក្នុងថ្ងៃបិទព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ បានបញ្ចប់ទៅយ៉ាងរលូននៅរាត្រីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។
ពេលវេលាគួរឱ្យចងចាំ ជាមួយនឹងផ្ទាំងទស្សនីយភាពដ៏ត្រជាក់ភ្នែកនៃការសម្ដែង-ច្រៀងរបស់សិល្បករ សិល្បការិនីក្នុងថ្ងៃបិទស៊ីហ្គេមនេះ បានធ្វើឱ្យមហាជនខ្មែរ និង អន្តរជាតិដែលបានទស្សនាផ្ទាល់នៅពហុកីឡដ្ឋានមរតកតេជោ ក៏ដូចជាមហាជនដែលទស្សនានៅតាមការឡាយផ្ទាល់ មានសេចក្ដីរំភើបប្រកបដោយមោទកភាព ចំពោះសិល្បករទាំងអស់ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបង្ហាញជូនភ្ញៀវកិត្តិយសទស្សនា។
តែយ៉ាងណា ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា នៅក្នុងពិធីបិទកីឡាស៊ីហ្គេមលើកទី ៣២ កាលពីថ្ងៃទី ១៧ ខែឧសភា ក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបណ្ដាលឱ្យក្រុមកំប្លែងត្រូវខកខានឱកាសសម្ដែងជូនភ្ញៀវកិត្តិយស ព្រោះអស់ពេលវេលា។
តាមការបង្ហោះរបស់ ឯម រៀម បានបង្ហាញរូបភាព ២ សន្លឹករបស់ក្រុមកំប្លែង មានតារាជើងចាស់ យាយយ៉យ, នាយ ចាបចៀន, អ្នកនាង កាតុ និង សិល្បករក្នុងក្រុមមួយចំនួន ត្រូវខកឱកាសចេញសម្ដែង ខណៈពួកគេខិតខំហាត់សមអស់ជាច្រើនថ្ងៃ។ ក្នុងនោះ អ្នកច្នៃម៉ូដ ឯម រៀម ក៏បានឱ្យដឹងថា ៖ «អាណិតពួកគាត់ ដែលបានខិតខំទៅហាត់សម ដោយសារតែភ្លៀងខ្លាំងពេក ត្រូវអស់ម៉ោង អត់បានចេញសម្ដែង ពេលបិទព្រឹត្តិការណ៍ស៊ីហ្គេមល្ងាចមិញ»៕