(វីដេអូ) អ្នករើសបានតុក្កតាស៊ីហ្គេមដែលកីឡាករថៃបោះចោល បង្ហាញអារម្មណ៍មួយឃ្លាយ៉ាងមានន័យ
ក្រោយពីបញ្ចប់ការប្រកួតដណ្ដើមមេដាយមាសរវាងក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ១៦ ខែឧសភា កន្លងទៅនេះ ដោយបានរកឃើញម្ចាស់មេដាយមាស គឺក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលផ្ដួលថៃលទ្ធផល ៥ ទល់ ២។
យ៉ាងណាមិញ ក្រោយប្រកួតចប់ និងបានរៀបចំបំពាក់មេដាយ ឱ្យតុក្កតាស៊ីហ្គេមជាកាដូអនុស្សាវរីយ៍ពីកម្ពុជា គេសង្កេតឃើញថាកីឡាករថៃម្នាក់ឈ្មោះថា Jonathan Khemdee បានយកមេដាយប្រាក់ និងតុក្កតានោះបោះចោល ដែលធ្វើឱ្យមានការរិះគន់ជាខ្លាំងពីសំណាក់មហាជន ព្រោះតែទង្វើនេះហាក់បង្ហាញការមិនគោរពចំពោះម្ចាស់ផ្ទះ និងមិនឱ្យតម្លៃចំពោះមេដាយដែលខ្លួនដណ្ដើមបាន។
ស្របពេលដែលតុក្កតាស៊ីហ្គេម ដែលកីឡាកររូបនេះបោះចោលទៅ គេបានរកឃើញមានអ្នកទស្សនាកម្ពុជាម្នាក់បានរើសបាន ហើយគាត់បានយកវាមកថែរក្សា ហើយអ្នកដែលរើសបាននេះ បានបង្ហាញថាខ្លួនស្រឡាញ់តុក្កតានេះជាខ្លាំង ដោយគាត់មានទឹកមុខពោរពេញដោយស្នាមញញឹម។
យោងតាមគណនី Tiktok របស់តារាកំប្លែងពែកមី បានរៀបរាប់ប្រាប់ថា៖ «នេះគាត់រើសបាន គាត់ស្រឡាញ់ណាស់ ព្រោះតែតុក្កតានេះជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃពីស៊ីហ្គេមធ្វើនៅកម្ពុជា ហើយមិនអាចយកមកបោះចោល ឬ គប់បានទេ។ ខ្ញុំសូមសរសើរកីឡាករឥណ្ឌូនេស៊ី ឃើញថាពួកគាត់យកទៅដេកឱប ហើយបងនេះសូម្បីរបស់គេគប់ចោល គាត់ចាប់បាន គាត់យកមកដេកឱបខ្លួនឯងទៀត»៕