ក្រោយដណ្ដើមមេដាយមាស លោកជំទាវ ស៊ន សៀវម៉ី បង្ហោះសារយ៉ាងមានន័យបំផុត
ម្ចាស់មេដាយមាសតេក្វាន់ដូដ៏ឆ្នើមនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ បានទៅលើកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ក្រោយប្រកួតយកឈ្នះកីឡាការិនីឡាវ ឈ្មោះ Sonesavnh Sirimanotham នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ នេះ នៅទីតាំងបរិវេណ OCIC ជ្រោយចង្វា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជ័យជម្នះរបស់កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បានធ្វើឱ្យប្រជាជនកម្ពុជាទាំងមូល មានមោទកភាពចំពោះនាងជាថ្មីម្ដងទៀត ខណៈនេះជាមេដាយមាសទី ៤ ហើយ ដែលកីឡាការិនីគ្រាប់ពេជ្រតេក្វាន់ដូរបស់កម្ពុជារូបនេះ ដណ្ដើមបានក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍។
លោកជំទាវ ស៊ន សៀវម៉ី មិនត្រឹមតែប្រឹងប្រែងដណ្ដើមមេដាយមាស ដែលជាកិត្តិយសថ្មីមួយទៀតជូនជាតិមាតុភូមិ ធ្វើឱ្យមហាជនស្រែកហ៊ោប្រកបដោយស្នាមញញឹមទៅលើរូបនាងប៉ុណ្ណោះទេ ក្នុងនោះ នាងក៏រំភើបរហូតស្រក់ទឹកភ្នែក ពេលឡើងទទួលមេដាយមាស ខណៈសំឡេងគាំទ្រលើកទឹកចិត្តពីទស្សនិកជន កាន់តែលាន់ឮកងរំពងពេញសាល OCIC។