ផ្ទុះការចង់ឃើញ ជី ដេវីត និង ទេព បូព្រឹក្ស ច្រៀងនៅថ្ងៃបិទស៊ីហ្គេម ស្រាប់តែ ឯម រៀម ទម្លាយផាំងយ៉ាងភ្ញាក់ផ្អើល
ដំណើរការនៃការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្ដើមបើករយៈពេលជិតមួយសប្ដាហ៍ហើយ ក្នុងនោះអត្តពលិកដែលតំណាងឱ្យប្រទេសនានា ក៏បានប្រឹងប្រែងប្រកួតដណ្ដើមមេដាយជូនប្រទេសជាតិរបស់ពួកគេរៀងៗផងដែរ។
បើត្រឡប់ថយក្រោយទៅកាន់ថ្ងៃបើកព្រឹត្តិការណ៍កីឡាដ៏ធំនេះវិញ ឃើញថាក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបចំផ្ទាំងទស្សនីយភាពដ៏ល្អអស្ចារ្យជាបន្តបន្ទាប់ ដែលមានការច្រៀង និង សម្ដែងដោយកំពូលតារាល្បីៗនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញជូនភ្ញៀវកិត្តិយសជាតិ អន្តរជាតិទស្សនា។
ដ្បិតថានៅក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ មានភាពឱឡារិកមានភ្ញៀវកិត្តិយសចូលរួមច្រើនណែនណាន់ និង មានការសម្ដែងដោយកំពូលតារាល្បីៗជាច្រើនដួងក៏ពិតមែន ប៉ុន្ដែគេមិនបានឃើញវត្តមាន លោក ជី ដេវីត និង ទេព បូព្រឹក្ស ចូលរួមច្រៀង និង សម្ដែងជាមួយសិល្បករផ្សេងទៀតឡើយ។
ដោយឡែកស្រាប់តែថ្មីៗនេះ ក៏មានផ្ទុះការបញ្ចេញយោបល់ និង ស៊ែរចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុកពីអ្នកគាំទ្រ ដោយភាគច្រើនពួកគេចង់ឃើញវត្តមានតារាចម្រៀងរ៉េប ជី ដេវីត យកបទ «មហានគរ» ទៅបកស្រាយនៅក្នុងថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេម នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ខាងមុន។
ក្រោយមានមតិជាច្រើនលើកឡើងពីរឿងនេះ ក្នុងនោះគេក៏ឃើញអ្នកច្នៃម៉ូដ ឯម រៀម ដែលជាបុគ្គលជិតដឹងជាមួយ ទេព បូព្រឹក្ស និង ជី ដេវីត បានចេញមុខនិយាយជំនួសសាមីខ្លួនថា ៖ «ផ្ញើជូនបងប្អូនដែលស្រឡាញ់ និង ចូលចិត្តពួកគាត់ ដោយពួកគាត់ទាំងពីរនាក់ មិនបានត្រៀមបិទព្រឹត្តិការណ៍ទេ SEAGames2023»៕