ទម្លាយមុខអ្នកច្នៃសម្លៀកបំពាក់សម្តែងក្នុងផែនដីកសិកម្ម នៃព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេមលើកទី ៣២
កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ បានប្រព្រឹត្តិទៅយ៉ាងរលូន និង កក្រើកអស្ចារ្យក្នុងទឹកដីប្រទេសកម្ពុជា។ នៅក្នុងកម្មវិធីនោះ គេឃើញមាននូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ ដែលបានបង្ហាញពីភាពអស្ចារ្យរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ដោយទទួលស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅ។
រាល់ផែនសិល្បៈនីមួយៗសុទ្ធសឹងតែបានបង្ហាញពីវប្បធម៌ អរិយធម៌ និង ភាពរីកចម្រើនរបស់កម្ពុជាដែលកំពុងតែអភិវឌ្ឍន៍ទៅមុខដោយឥតឈប់ឈរ។ ក្នុងនោះ គេក៏ឃើញមានផែនសិល្បៈមួយដែលបានបង្ហាញពី ផែនដីកសិកម្ម នៃប្រទេសកម្ពុជា ដែលឆ្លុះបង្ហាញសេដ្ឋកិច្ចកម្ពុជាដែលពឹងផ្អែកលើការធ្វើស្រែចម្ការជាសំខាន់។
ជាមួយគ្នានោះ គេក៏បានឃើញឈុតសិល្បករ សិល្បការិនី ដែលសម្ដែងសុទ្ធសឹងតែស្រស់ស្អាត ដោយសមិទ្ធផលនេះបានកើតចេញពីអ្នករចនាម៉ូដដ៏ជំនាញ គឺ វង្ស វណ្ណៈ ដែលជាគ្រូផ្នែករចនាម៉ូដនៅសាលកវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្នុងការបានឱ្យកាសនេះ អ្នករចនាឈុតនេះក៏បានមានចំណាប់អារម្មណ៍ផងដែរថា ៖ «ចំណែកមួយនៃការចូលរួម និងក៍ជាមោទកភាពរបស់ខ្ញុំ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងកម្មវិធី កីឡា Sea game លើកទី ៣២ ឆ្នាំ ២០២៣ ដែលប្រទេសកម្ពុជាយើងធ្វើជា ម្ជាស់ផ្ទះអរគុណ លោកគ្រូ អ្នកគ្រូដែលបានផ្ដល់ឱកាស ឱ្យខ្ញុំបាទបានចូលរួមបង្ហាញស្នាដៃលើការច្នៃម៉ូដ ឈុតសម្លៀកបំពាក់លើផែនកសិកម្ម ក្នុងទស្សនីយភាព ស្នាមញញឹមខ្មែរ»។
សូមជម្រាបផងថា លោក វង្ស វណ្ណៈ ក្រៅពីគ្រូបង្រៀនផ្នែករចនាម៉ូដហើយ លោកក៏ជាគ្រូបង្ហាត់សិល្បៈសៀកនៃសាលាមធ្យមវិចិត្រសិល្បៈ និង ជាសិល្បករសៀកកាយវប្បកម្មផងដែរ។ អ្វីដែលសំខាន់ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសកលវិទ្យាល័យ Ohio សហរដ្ឋអាមេរិកផ្នែក Costume Design ទៀតផង៕