ស្វាមីជំទាវ ស៊ន សៀវម៉ី មានមោទកភាពបំផុត បានឃើញភរិយាក្នុងទស្សនីយភាពហោះអុជភ្លើងគប់យប់មិញ
ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បានប្រារព្ធធ្វើឡើងយ៉ាងរលូននៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ក្រោមការអបអរសាទរពេញដោយមោទកភាពពីបណ្ដាប្រជាពលរដ្ឋខ្មែរទាំងមូល។
ជាការពិត ក្នុងដំណើរនៃការបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នេះ បានធ្វើឱ្យមហាជនចូលរួមទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ និង តាមការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ព្រមទាំងបណ្តាញសង្គមហ្វេសប៊ុក មានក្តីរំភើបចិត្តយ៉ាងខ្លាំង ព្រោះមានផ្ទាំងទស្សនីយភាពល្អអស្ចារ្យជាច្រើនបានបង្ហាញ។
ជាមួយនឹងទិដ្ឋភាពទាំងនោះដែរ ក៏មានទិដ្ឋភាពមួយដែលលេចធ្លោ និង អស្ចារ្យខ្លាំង នៅពេលដែលមានវត្តមានលោកជំទាវ ស៊ន សៀវម៉ី រត់កាន់ភ្លើងគប់ចូលមកទីលានពិធីក្នុងកីឡដ្ឋាន ដើម្បីដុតភ្លើងគប់ធំ។ អ្វីដែលកាន់តែពិសេស និង អស្ចារ្យជាងនេះទៅទៀតនោះ គឺសកម្មភាពនៃការដុតភ្លើងគប់ផ្លូវការ ដែលបានធ្វើឡើងជាផ្ទាំងទស្សនីយភាពមួយដ៏អស្ចារ្យជាមួយការប្រើបច្ចេកទេសធ្វើឱ្យលោកជំទាវអាចហោះឡើងជាមួយការកាន់ព្រះអគ្គិជ័យកីឡា ហោះទៅដុតភ្លើងគុបដោយផ្ទាល់ អមតាមក្រោយជាមួយនឹងការបាញ់កាំជ្រួចអបអរ ញ៉ាំងឱ្យទស្សនីយភាពកាន់តែស្រស់ស្អាតគួរឱ្យស្ញប់ស្ញែងខ្លាំងបំផុត។
ងាកមកមើលស្វាមីរបស់កីឡាការិនីដ៏ឆ្នើមរូបនេះ ក្រោយភាពឧត្តមភរិយាទទួលបានឱកាសដ៏អស្ចារ្យនេះ លោកបានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនយ៉ាងខ្លីលើ IG Story តែមានអត្ថន័យខ្លាំងថា ៖ «So Proud Of Her» ដែលមានអត្ថន័យជាភាសាខ្មែរថា ពិតជាមានមោទកភាពចំពោះនាងខ្លាំងណាស់៕