កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មាន MS News បានរាយការណ៍ពីករណីឆេះឡានដឹកសិស្សថ្នាក់មតេ្តយ្យមួយនៅប្រទេសចិន បណ្តាលឱ្យក្មេង ៣ នាក់បានស្លាប់ ចំណែក ២០ នាក់ទៀតត្រូវបានគេជួយទាន់ពេលវេលា។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ដោយឡានមួយគ្រឿងនេះ គឺជាឡានដឹកសិស្សរបស់សាលារៀន Golden Childhood Kindergarten ។ នៅថ្ងៃកើតហេតុឡានបានមកទទួលសិស្សទៅរៀនជាធម្មតា តែនៅសុខៗក៏មានភ្លើងឆាបឆេះយ៉ាងមិននឹកស្មាន ហើយអ្នកដែលបានឃើញហេតុការណ៍បានចូលទៅជួយបើកទ្វារឡានជួយក្មេងៗបានជាង ២០ នាក់ តែជាអកុសលមិនអាចជួយក្មេងស្រី ៣ នាក់ ដែលមានអាយុ ៥ ឆ្នាំបាន បណ្តាលឱ្យពួកគេស្លាប់នៅក្នុងហេតុការណ៍នេះយ៉ាងរន្ធត់។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា ឡានក្រុងមួយនេះមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ ហើយបើតាមសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា តាមពិតទៅឡានបានឆេះម្តងរួចទៅហើយ ខាងតៃកុងឡានបានចុះមកពន្លត់រួច ក៏បានបើកតទៅទៀត ជាអកុសលឡានក៏បានឆេះជាលើកទីពីរ ហើយបណ្តាលឱ្យមានក្មេងស្លាប់តែម្តង។
ដោយឡែក ខាងអាណាព្យាបាលសិស្សធ្លាប់បានទាមទារឱ្យខាងសាលាពិនិត្យមើលសុវត្ថិភាពរបស់ឡានផងដែរ តែខាងសាលាមិនអើពើរហូតមកកើតហេតុការណ៍នេះឡើង ហើយក្រោយពីហេតុការណ៍នេះហើយខាងសាលាក៏នៅតែបើកបង្រៀនជាធម្មតា ហាក់មិនសូវខ្វល់អ្វី ខណៈដែលខាងអាណាព្យាបាលកំពុងតែកើតទុក្ខ និង ទាមទារឱ្យមានការបកស្រាយ៕
ប្រភព៖ Kapook