ជារឿងនឹកស្មានមិនដល់ និង គួរឱ្យអាណិតអាសូរបំផុត ដែលទារិកាមានអាយុទើបតែជាង ៣ ខែ ត្រូវបានម្ដាយបង្កើតយកទៅប្លុងចោល នៅខាងក្រោមស្ពានអាកាសផ្សារដីហុយ ស្ថិតនៅបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បង្កជាការភ្ញាក់ផ្អើល នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ។
ទាក់ទិនទៅនឹងករណីដ៏គួរឱ្យសង្វេគនេះ តាមរយៈប្រភពព័ត៌មានបឋម បានឱ្យដឹងថា នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋក្នុងតំបន់ និង អ្នកធ្វើដំណើរឆ្លងកាត់ស្ពានអាកាសផ្សារដីហុយ នាំគ្នាភ្ញាក់ផ្អើលទាំងយប់ ដោយអ្នកដំណើរប្រទះឃើញទារិកាអាយុប្រហែលជា ៣ ខែ ត្រូវបានឪពុកម្ដាយបោះបង់ចោល នៅខាងក្រោមស្ពានអាកាសផ្សារដីហុយ បណ្តាលឱ្យមូស និង សត្វស្រមោចរោម គួរឱ្យអាណិត ស្ថិតនៅក្នុងខណ្ខសែនសុខ រាជធានីភ្នំពេញ។
ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ បានទាក់ទងទៅមន្ត្រីអាជ្ញាធរសង្កាត់ភ្លាមៗដើម្បីរៀបរាប់តាមដំណើររឿង បន្ទាប់មកនគរបាលប៉ុស្តិ៍ និង បងប្អូនប្រជាពលរដ្ឋ បានយកក្មេងស្រីខាងលើយកទៅផ្ទះរបស់អាជ្ញាធរសង្កាត់ទឹកថ្លា ដើម្បីរង់ចាំប្រគល់ឱ្យមន្ត្រីសង្គមកិច្ចចាត់ការតាមនីតិវិធីបន្ត៕