នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីជូនដំណឹង ស្តីពីករណីពាក់ព័ន្ធនឹងការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តស្រះកែវ តាមរយៈកាសែត The Nation Thailand ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ ស្តីពីការសន្យាចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ ដែលមានសិទ្ធិនៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ។
ក្នុងនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការព្រួយបារម្ភចំពោះព័ត៌មានដែលបានផ្សព្វផ្សាយ បានលើកឡើងអំពីការសន្យាចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ ដែលមានសិទ្ធិ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលមានភូមិសាស្ត្រជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ រដ្ឋបាលខេត្តបានឱ្យដឹងថា ចំពោះការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ នៅលើទឹកដីថៃ គឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែការចេញប័ណ្ណនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬ ប៉ះពាល់ដល់តំបន់ដែលគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្តែង ឬ ប៉ះពាល់ដល់តំបន់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងកាន់កាប់ និង អាស្រ័យផលឡើយ។

ក្នុងករណីដែលការចេញប័ណ្ណនេះធ្វើឱ្យប៉ះពាល់ដល់តំបន់ទាំងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការជំទាស់ចំពោះរឿងនេះ ព្រោះថាសកម្មភាព នេះរំលោភលើស្មារតីនៃ MOU ឆ្នាំ ២០០០ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសប៉ះពាល់ទៅដល់ដំណើរការការងារចរចា និង ខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ៕