មហាជននិយមតាមដានសង្គមហ្វេសប៊ុក ជាពិសេស រឿងរ៉ាវពាក់ព័ន្ធតារាភេទទី ៣ Noudy Singer ច្បាស់ជាបានជ្រាបហើយពីករណីគ្រោះថ្នាក់ចរាចរណ៍របស់សិល្បកររូបនេះ កាលពីរាត្រីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៣០ នាទីយប់។
ក្នុងនោះដែរ ក្រោយកើតហេតុកម្លាំងជំនាញរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនសំណុំរឿង វត្ថុតាង និង អ្នកបេីកម៉ូតូម៉ាក Honda PCX ឈ្មោះ នាង សុភ័ក្រ្តបញ្ញា ហៅ Noudy ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៤ និង ៣៣ នាទីដើម្បីចាត់ការតាមនីតិវិធី។ លើសពីនោះ ស្នងការបានបញ្ជាក់ថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានអ្នកស្លាប់ សមត្ថកិច្ចត្រូវបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
យ៉ាងណាមិញ នៅល្ងាចថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ Noudy បានចាកចេញពីកន្លែងឃុំឃាំង មានសេរីភាពវិញហើយ ដោយទទួលបានការអបអរសាទរពីសំណាក់មហាជន និង មិត្តទាំងក្នុងក្រៅសិល្បៈផងដែរ។ ក្រោយពីបានចេញពីកន្លែងឃុំឃាំងហើយនោះ Noudy ក៏បានបង្ហោះសារមួយថា ៖ «នាងខ្ញុំ នូឌី ពេលនេះ ត្រូវបានតុលាការអនុញ្ញាតឱ្យវិលត្រឡបមកផ្ទះវិញហើយ។ ជាដំបូងនាងខ្ញុំសូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព សូមអរគុណដល់មេស្រី CEO Pichy P-white ដែលបានផ្តល់មេធាវីជួយការពារសិទ្ធិដល់នាងខ្ញុំ។ សូមអរគុណដល់បងប្អូន និង fan fan ក្នុងបណ្តាយសង្គមទាំងអស់ ដែលបានលើកទឹកចិត្តនាងខ្ញុំជានិច្ច។ អរគុណ និង បងៗសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់នាំខ្ញុំទៅពេទ្យ និង អរគុណដល់ស្ថាប័នតុលាការ ដែលផ្តលយុត្តិធម៌ដល់នាងខ្ញុំ ជាចុងក្រោយ សូមផ្តាំផ្ញើបងប្អូនទាំងអស់គ្នាចូលរួមគោរពច្បាប់ចរចរណ៍ទាំងអស់គ្នា»៕