រដូវភ្លៀងមកហើយ! ម៉ាក់ៗកំពុងពពោះ មកដឹងវិធីថែទាំ និងការពារខ្លួនជៀសវាងជំងឺដង្កាត់
ការពពោះជាដំណើរជីវិតដ៏ស្រស់ស្អាតបំផុតរបស់ស្ត្រី។ តែការធ្វើដំណើរពពោះមកចំអំឡុងរដូវភ្លៀង វាពិតជាតម្រូវឱ្យស្ត្រីមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ផងដែរ។ ជាក់ស្តែង នៅរដូវភ្លៀង ស្ត្រីពពោះអាចឆាប់ប្រឈមបញ្ហាសុខភាពផ្សេងៗ ដោយសារការឆ្លងមេរោគឬបាក់តេរីជាដើម។ តែយ៉ាងណាមិញ ស្ត្រីនៅតែអាចរស់នៅប្រកបដោយសុវត្ថិភាព និងសុខភាពល្អ ដោយគ្រាន់តែប្រតិបត្តិការការពារ និងការថែទាំខ្លួនដូចខាងក្រោម៖
១. របបអាហារមានតុល្យភាព
ស្ត្រីពពោះត្រូវយកចិត្តទុកដាក់ទៅលើរបបអាហារប្រចាំថ្ងៃ ដោយត្រូវប្រាកដថា បរិភោគអាហារណាដែលផ្ទុកទៅដោយ វីតាមីនចម្រុះ ជាតិហ្វៃប៊័រ បន្លែបៃតង ប្រូតេអ៊ីន និងសារធាតុសំខាន់ៗផ្សេងទៀតដែលល្អសម្រាប់ការអភិវឌ្ឍន៍ទាំងម្តាយ និងកូនក្នុងផ្ទៃ។ ជៀសវាងបរិភោគអាហារលក់តាមផ្លូវ ដោយបរិភោគតែអាហារអនាម័យ ឬចម្អិនដោយខ្លួនឯង។ ផឹកទឹកឱ្យបានច្រើន បើទោះមិនស្រេកក៏ដោយ។ ការផឹកទឹក និងបរិភោគអាហារមានសារធាតុចញ្ចឹមគ្រប់គ្រាន់ វាជួយឱ្យរាងកាយមានថាមពល និងសុខភាពល្អ។ ជាពិសេស គួរឆ្លៀតធ្វើលំហាត់ប្រាណស្រាលៗដូចជាការដើរ និងហាត់យូហ្គាជាដើម។
២. រក្សាអនាម័យ
ប្រសិនបើអ្នកប្រកាន់ខ្ជាប់ការអនាម័យបានល្អ វានឹងមានអត្ថប្រយោជន៍ដល់អ្នកច្រើនយ៉ាង។ ត្រូវលាងដៃនឹងសាប៊ូជាប្រចាំ ងូតទឹកសម្អាតខ្លួនឱ្យបានស្អាត ផឹកទឹកស្អាតឬទឹកដាំឆ្អិន ជៀសវាងបរិភោគអាហារលក់តាមផ្លូវ បរិភោគតែអាហារក្តៅៗឬចម្អិននៅផ្ទះ បោកសម្លៀកបំពាក់ឱ្យបានស្អាត សម្អាតកន្លែងរស់នៅឱ្យមានអនាម័យជាប្រចាំ ជាពិសេស កម្ចាត់កន្លែងជម្រកមូសដើម្បីការពារគ្រុនឈាម។
៣. សម្លៀកបំពាក់ និងស្បែកជើង
ការជ្រើសរើសសម្លៀកបំពាក់ និងស្បែកជើងត្រឹមត្រូវសម្រាប់រដូវភ្លៀងវាអាចជារឿងសំខាន់មួយផ្នែកទៀតផងដែរ។ ជាក់ស្តែង ការស្លៀកពាក់អាវដៃវែង ខោជើងវែង ឬរ៉ូបបិទបាំងជិតសាច់ អាចជួយការពារអ្នកពីមូសខាំ ចំណែកការពាក់ស្បែកជើងការពារទឹក វាអាចជួយអ្នកពីការរអិល និងទឹកកខ្វក់ដែលពោរពេញទៅដោយមេរោគ។
៤. កាត់បន្ថយជួបអ្នកជំងឺផ្ទាល់
នៅអំឡុងរដូវភ្លៀង វាពិតជាចាំបាច់ដែលអ្នកគួរតែជៀសឱ្យឆ្ងាយពីអ្នកជំងឺ ដោយសារការទាក់ទងអ្នកកំពុងឈឺ វាជាឱកាសខ្ពស់ដែលអាចឆ្លងមេរោគបាន។ ករណីជួបអ្នកជំងឺដោយមិនបានរំពឹងទុក អ្នកចាំបាច់ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ឬទឹកអាកុលឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ មួយវិញទៀត បើចេញទៅខាងក្រៅ អ្នកត្រូវការពារខ្លួនដោយការពាក់ម៉ាស់ និងជៀសវាងយកដៃប៉ះ ភ្នែក មាត់ និងច្រមុះ ព្រោះវាអាចធ្វើឱ្យមេរោគឆ្លងចូលទៅក្នុងខ្លួន ប៉ះពាល់ទាំងខ្លួនអ្នក ក៏ដូចជាកូនក្នុងផ្ទៃ។ ចងចាំថា មេរោគអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយ ដូច្នេះបើជៀសបាន គួរជៀស ហើយបើមានអាការៈអ្វីមិនស្រួល គួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដោយមិនត្រូវព្យាបាលខ្លួនឯងតាមចិត្តឡើយ។
៥. ប្រឹក្សាជាមួយគ្រូពេទ្យ
ក្នុងខែភ្លៀង បើអ្នកមានអារម្មណ៍មិនស្រួលខ្លួន ចុកពោះ ទារកក្នុងផ្ទៃលែងរើ ឈឺក្បាលមិនបាត់ ឬអ្វីមួយមិនប្រក្រតី អ្នកត្រូវជួបគ្រូពេទ្យដើម្បីត្រួតពិនិត្យ និងប្រឹក្សាឱ្យបានច្បាស់។ ត្រូវប្រាកដថា អ្នកបានទៅជួបគ្រូពេទ្យតាមដានសុខភាពតាមការណាត់ ដើម្បីច្បាស់លាស់ទាំងសុខភាពផ្ទាល់ខ្លួន និងកូនក្នុងផ្ទៃ៕