ថ្មីៗនេះ មានរឿងរ៉ាវមួយដែលធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមចិន មានការក្តៅក្រហាយខឹងសម្បាជាខ្លាំង ដោយមានស្រ្តីម្នាក់ធ្លាក់ខ្លួនឈឺជាទម្ងន់ ឱ្យកូនទៅដកលុយពីកុងធនាគារមកព្យាបាលជំងឺ តែធនាគារមិនព្រម ទាល់តែឱ្យសាមីខ្លួនមកដកខ្លួនឯង មានអីខំត្រដរទៅដករហូតដាច់ខ្យល់ស្លាប់នៅនឹងមុខធនាគារ។

តាមរយៈក្មួយស្រីរបស់ស្រ្តីខាងលើបានរៀបរាប់ឱ្យដឹងថា អ៊ំស្រីរបស់នាងមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ទើបតែថ្មីៗនេះក៏ធ្លាក់ខ្លួនឈឺខ្លាំង ដោយសារតែខ្វះឈាមក្នុងខួរក្បាល ហើយក៏បានចូលទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង។ អ៊ំស្រីក៏បានឱ្យកូនស្រីបង្កើតយកអត្តសញ្ញាណប័ណ្ណ និង បញ្ជីធនាគារទៅដល់ដកលុយពីធនាគារដែលខ្លួនបានផ្ញើចំនួន ៥០ ០០០ យ័ន ដែលស្មើប្រមាណជិត ៧ ពាន់ដុល្លារដើម្បីយកមកបង់ថ្លៃមន្ទីរពេទ្យ មុននឹងចេញទៅព្យាបាលនៅមន្ទីរពេទ្យមួយទៀត។

យ៉ាងណាមិញ ខាងធនាគារមិនព្រមឱ្យកូនស្រីរបស់អ៊ំដកឡើយ មិនថាកូនស្រីព្យាយាមប្រាប់ថាម្តាយកំពុងឈឺដើរមិនរួចក៏ដោយ ដោយធនាគាអះអាងយ៉ាងដាច់ខាតថាម្ចាស់បញ្ជីត្រូវមកដកលុយដោយខ្លួនឯងទើបបាន។ ដោយសារតែគ្មានជម្រើសទើបកូនស្រីបាននាំម្តាយជិះរទេះរុញមកដក តែការដំណើការដកលុយក៏ត្រូវប្រើពេលវេលាជាង ២ ម៉ោងទើបហើយ រហូតដល់អ៊ំស្រីដាច់ខ្យល់ស្លាប់ខណៈកំពុងរងចាំនៅមុខធនាគារតែម្តង។
ដោយឡែកប៉ូលិសបានចូលមកស៊ើបរឿងរ៉ាវមួយនេះ ចំណែកឯខាងធនាគារបានចូលរួមរំលែកទុក្ខ ហើយសន្យានឹងជួយក្រុមគ្រួសារអ៊ំស្រីដោះស្រាយបញ្ហាផងដែរ៕

ប្រភព៖ Kapook