គ្រប់គ្នាសុទ្ធតែប្រាថ្នាជីវិតរស់នៅបែបប្រណីត។ ជីវិតរស់នៅបែប្រណីតឬលំដាប់ខ្ពស់ រាប់បញ្ចូលតាំងពីការហូបចុក ការកម្សាន្ត និង ការទិញរបស់ប្រ៊េនថ្លៃៗ ដោយមិនគិតពីតួលេខលុយ។ ខាងក្រោមនេះ ជាការចំណាយ ៣ យ៉ាង ដែលបង្ហាញថាពួកគេកំពុងរស់នៅក្នុងជីវិតបែបមហាសេដ្ឋី។
១. ផលិតផល និង សម្ភារនិយម៖ ក្នុងនោះគេអាចទិញផ្ទះតម្លៃខ្ទង់លានដុល្លារ ជាផ្ទះស្ថិតក្នុងទីតាំងសំខាន់ ឬស្ថិតក្នុងក្រុមហ៊ុនអចលនទ្រព្យ ដែលល្បីល្បាញជួរមុខ។ គេអាចចំណាយលើឡានទំនើប ឡានផលិតមានចំនួនកំណត់ ឬម៉ូឌែលល្បីលំដាប់កំពូល។
គេប្រើមធ្យោបាយហោះហើរជាប្រភេទយន្តហោះផ្ទាល់ខ្លួនឬ Private Jet។
សម្រាប់ការស្លៀកពាក់ គេជ្រើសរើសតែប្រ៊េនប្រណីត ល្បីលំដាប់ពិភពលោក មានតម្លៃថ្លៃដល់ខ្ទង់ពាន់ខ្ទង់ម៉ឺនដុល្លារ រួមមាន សម្លៀកបំពាក់ កាបូប និង គ្រឿងលម្អដូចជា នាឡិកា និង គ្រឿងអលង្ការជាដើម។
២. ការកម្សាន្ត៖ អ្នកមានជីវិតបែបមហាសេដ្ឋី ជាទូទៅការកម្សាន្តរបស់ពួកគេមានលក្ខណៈឯកជន។ ជាក់ស្តែង រាល់វិស្សមកាល គេចូលចិត្តទៅលម្ហែនៅកន្លែងដែលកម្រដូចជា រីសតលាក់ខ្លួនលំដាប់ខ្ពស់ មានលក្ខណៈដាច់ដោយឡែក ឬ ជាកន្លែងដែលអាចកុម្មង់អ្វីតាមតម្រូវការ។ ពេលខ្លះ គេជួលរីសតមួយដាច់ដោយឡែកតែម្តង។
ចំពោះការទទួលទានអាហារវិញ គេហ៊ានចំណាយលើភោជនីយដ្ឋានផ្តាច់មុខ ជួលចុងភៅល្បីឈ្មោះ និង ចុងភៅឯកជន។ ហើយសូម្បីតែអាហារ ពួកគេទិញប្រភេទគុណភាពផ្តាច់មុខ ដូចជាគ្រឿងផ្សំខ្លះនាំចូលពីបរទេស តម្លៃខ្ទង់ម៉ឺនដុល្លារ។
នៅក្នុងផ្ទះរបស់ពួកគេ មានឧបករណ៍តន្ត្រីធំៗ បន្ទប់រោងកុន ឬឧបករណ៍កម្សាន្តប្រណីត និង ទំនើប ដែលខ្លះជាការកុម្មង់ផលិតជាពិសេសសម្រាប់ផ្ទាល់ខ្លួន។
៣. ផ្សេងៗ៖ គេហដ្ឋានរបស់ពួកគេ ប្រើប្រព័ន្ធឆ្លាតវៃ Smart Home Systems។ ពួកគេចូលចិត្តជួលអ្នកបង្វឹកផ្ទាល់ខ្លួន, អ្នកការពារឬអង្គរក្ស រួមទាំងអ្នកគ្រប់គ្រងបម្រើសេវាកម្មក្នុងផ្ទះ។ គេចូលចិត្តកុម្មង់វត្ថុសិល្បៈពីម្ចាស់ដើម សន្សំវត្ថុបុរាណ ឬ របស់កម្រផងដែរ។ គេតែងចូលរួមកម្មវិធីមានលក្ខណៈផ្តាច់មុខ ដែលមានការជួបជុំទៅដោយបុគ្គលល្បីៗ និង លំដាប់ខ្ពស់៕