នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យបានដឹងថា គិតត្រឹមថ្ងៃនេះ គឺមានរយៈពេល ៦០ ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង។
សូមបញ្ជាក់ផងដែរថា ទាហានថៃ បានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗ កាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ៦០ ថ្ងៃហើយ គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និង ប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង ១៨ នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និង ដោយសុខសុវត្ថិភាព៕