Nadech បញ្ជាក់យ៉ាងភ្ញាក់ផ្អើលម្តងទៀត ក្រោយអ្នកគាំទ្រមិនអស់ចិត្តរឿងពន្យារពេលរៀបការជាមួយ Yaya
បន្ទាប់ពីទាក់ទងគ្នា ១១ ឆ្នាំ ថ្មីៗនេះគូស្នេហ៍តារាប្រុសថ្ពាល់ខួច Nadech និង តារាស្រីរូបស្រស់ Yaya កំពុងតែធ្វើឱ្យមហាជនស្រឡាំងកាំងមិនតិចនោះទេ ក្រោយខាងប្រុសចេញមុខប្រកាសថា លោកនឹងពន្យារពេលរៀបការជាមួយគូស្នេហ៍បណ្តូលចិត្តរបស់លោក រហូតធ្វើឱ្យអ្នកស្តាប់មានមន្ទិលក្នុងចិត្តព្រាត។
ទន្ទឹមនឹងខាងប្រុសចេញមុខប្រកាសបែបនេះហើយ Yaya ក៏បានចេញមុខបកស្រាយថា មូលហេតុពន្យារពេលរៀបការគឺ ដោយសារតែនាងមិនចង់ដាក់សម្ពាធទៅលើគូស្នេហ៍នោះទេ ព្រោះនាងក៏រវល់ការងារ ហើយ Nadech ក៏មានការងារច្រើននៅមិនទាន់ធ្វើរួចរាល់។ ទោះយ៉ាងណា បើទោះបីជា Yaya ចេញមុខបកស្រាយបែបនេះក៏ដោយ តែសម្រាប់អ្នកគាំទ្រនៅតែជីកឫសចង់ដឹង និង សង្ស័យថា អ្នកទាំងពីរមានបញ្ហានឹងគ្នា។
ដោយឡែក ខណៈអ្នកគាំទ្រនៅតែសង្ស័យ ស្រាប់តែនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាប្រុស Nadech បានចេញមុខបកស្រាយ ក៏ដូចជាជម្រះមន្ទិលម្តងទៀតហើយ ពិសេស លោកថែមទាំងចេញមុខសូមទោសដល់អ្នកគាំទ្រ ក៏ដូចជាសង្សារបណ្តូលចិត្តរបស់លោកទៀតផង។
ជាមួយគ្នានោះ Nadech ក៏បានបន្តថា លោកពិតជាសូមទោសណាស់ដែលធ្វើឱ្យមហាជនមានការយល់ច្រឡំ ការដែលលោកនិយាយថា ពន្យារពេលរៀបការគឺ មិនមែនពន្យារទៅឆ្នាំណានោះទេ ពោលគឺ នៅឆ្នាំក្រោយដដែល គ្រាន់តែលោកមិនទាន់បានទៅមើលពេលា ទើបនិយាយថា ពន្យារ ហើយមិននឹកស្មានថា ពាក្យនេះធ្វើឱ្យអ្នកគាំទ្រមិនអស់ចិត្ត និង សង្ស័យទាល់តេសោះ។
លើសពីនេះទៅទៀត Nadech បានបន្ថែមចុងក្រោយថា លោកបាននិយាយជាមួយ Yaya ព្រមទាំងសូមទោសនាងរួចរាល់ហើយ សូមទោសដែលធ្វើឱ្យព័ត៌មានបែបនេះកើតឡើង។ មួយវិញទៀត លោកសូមបញ្ជាក់ថា ម្តាយកូនរបស់លោកគឺ មានតែ Yaya តែម្នាក់ មិនអាចមាននារីណាម្នាក់មកជំនួសបានឡើយ៕