នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកនិយមទស្សនាព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ CTN មានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយទទួលដំណឹងមរណភាពរបស់ពិធីការនី នូ មៈណេត្តអាថាណា។
ក្នុងនោះដែរ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ MaDa HP បានជម្រាបថា កញ្ញា នូ មៈណេត្តអាថាណា បានទទួលមរណភាពនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវេលាម៉ោង ១១ និង ០៦ នាទីយប់ ដោយជំងឺមហារីក នៅប្រទេសថៃ។
ក្នុងនោះ ពិធីបុណ្យសពរបស់ពិធីការិនី នូ មៈណេត្តអាថាណា នឹងរៀបចំឡើងនៅគេហដ្ឋននាបុរីវិមានភ្នំពេញ 598 រីឯការដឹកសពពីមន្ទីរពេទ្យប្រទេសថៃ មកដល់ទឹកដីកំណើតវិញមិនទាន់ជាក់លាក់នៅឡើយនោះទេ។
គួរជម្រាបថា កញ្ញា នូ មៈណេត្តអាថាណា គឺជាធនធានមនុស្សដ៏សំខាន់មួយក្នុងវិស័យសារព័ត៌មាន ដោយកញ្ញា មិនត្រឹមតែជាពិធីការិនីនោះទេ កញ្ញាក៏ជាអ្នកសារព័ត៌មានមួយរូបដែរ។ ការបាត់បង់កញ្ញា នូ មៈណេត្តអាថាណា បានធ្វើឱ្យមហាជន និង អ្នកក្នុងវិស័យព័ត៌មានបានចូលរួមរំលែកទុក្ខយ៉ាងខ្លាំង៕