មហាជនអ្នកគាំទ្ររបស់ពិធីករល្បីឈ្មោះ តាប៊ុយ សុទ្ធសឹងតែជ្រាបទាក់ទងវិស័យសិល្បៈរបស់លោក ដែលលោកបានឃ្លាតឆ្ងាយមិនសូវបង្ហាញវត្តមានលើការងារសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ដ្បិតតែមួយរយៈក្រោយនេះ លោកបង្ហាញសកម្មភាពច្រើនលើបណ្ដាញសង្គម តែភាគច្រើនជាការទាក់ទងធ្វើការងារតាមរយៈបណ្ដាញសង្គម ឬគ្រប់គ្រងក្រុមតន្រ្តីចេញតាមពិធីមង្គលផ្សេងៗ។
ដោយឡែក ស្របពេលចាប់ផ្ដើមអាជីពថ្មីនេះដែរ ថ្មីៗនេះ ក៏បានឃើញពិធីករល្បីឈ្មោះរូបនេះ បានបង្ហោះសារមួយ ខណៈត្រូវបានអ្នកលេងបណ្ដាញសង្គមមួយចំនួន ថារូបលោកធ្លាក់កូតលែងមានអ្នកស្គាល់ដូចមុន ដែលលោកក៏ឆ្លើយតបទៅវិញ ដោយលើកពីជីវិតឯកជនបច្ចុប្បន្នរបស់លោកមកអះអាងផងដែរ។ ក្នុងនោះ តាប៊ុយ ក៏បានបញ្ជាក់ឱ្យដឹងថាលោកបានឆ្អែតនឹងភាពល្បីល្បាញហើយ ដែលពេលនេះចង់រស់នៅជីវិតបែបអ្នកជំនួញវិញ រកលុយដើរលេង និង កំពុងស្វែងរកសង្សារត្រៀមសាងអនាគតគ្រួសារទៀតផង។
សារនោះ ពិធីករ តាប៊ុយ បានរៀបរាប់ថា ៖ «ចង់ល្បីស្រួលណាស់ ចូលធ្វើការទូរទស្សន៍វិញ តែពិបាកចេញក្រៅរកលុយ (ល្អមើលតែមិនល្អហូប) និង មួយទៀត ព្រមចូលកម្មវិធីតាម online ឱ្យគេសម្ភាសគេទាក់ទងមករហូត (គោលការណ៍អត់ចូលចិត្តឱ្យគេសម្ភាសឆ្លងកាត់រឿងអី នរណាធ្វើអ្វីដាក់ក៏លាក់ក្នុងចិត្តទុកជាអាថ៌កំបាំង) ចង់បានតែជីវិតឥឡូវ រកលុយជាមួយក្រុមតន្រ្តីពេញចិត្តឬអត់ ១ រកលុយបានដើរលេង និង កំពុងស្វែងរកសង្សារ ចង់ចាយជីវិតជា businessman ធុញ ហត់ ឆ្អែតនឹងល្បី ពិសេសអំណាចដែលមានគេហែហម ឆ្លងកាត់រាប់ឆ្នាំហើយ Taboi មិនត្រឹមជោគជ័យពិធិករទេ តែដល់ផលិតករទៀតបាទ ហើយក៏ជួយអ្នកជុំវិញខ្លួនល្បីច្រើនហើយ អរគុណបាទ»៕