ក្រុមហ៊ុននៅជប៉ុន ឱ្យ bonus បុគ្គលិកណាព្រមមកធ្វើការនៅអូហ្វីស និង ញ៉ាំអាហារថ្ងៃត្រង់ជាមួយក្រុមការងារ
ចាប់តាំងពីការបំពេញការងារតាមផ្ទះ ក្លាយជាសកម្មភាពដ៏ពេញនិយម ក្រោយជំងឺកូវីដ-១៩ រាតត្បាតមក បុគ្គលិកក្រុមហ៊ុនជាច្រើននាពេលបច្ចុប្បន្ននេះ កម្រធ្វើដំណើរទៅកាន់អូហ្វីសធ្វើការណាស់ ដែលជាហេតុបណ្ដាលឱ្យពួកគេកើតមានអារម្មណ៍ឯកា និង ស្ត្រេស ឬក៏ចាប់ផ្ដើមមានអារម្មណ៍ថា គំនិតច្នៃប្រឌិតរបស់ពួកគេធ្លាក់ចុះ។
ដោយឡែក ថ្មីៗនេះ ក្រុមហ៊ុន startups មួយចំនួននៅក្នុងប្រទេសជប៉ុន បានកើតជាគំនិតដើម្បីជួយព្យាបាលជំងឺខាងលើនេះ ដោយធ្វើការផ្ដល់ជារង្វាន់ដល់បុគ្គលិកណា ដែលព្រមមកធ្វើការនៅអូហ្វីស។ ក្រុមហ៊ុនទាំងនោះ សង្ឃឹមថា ប្រាក់បន្ថែមទាំងនោះ នឹងជួយដល់បុគ្គលិក ព្យាបាលបញ្ហាផ្លូវចិត្ត និង ភាពឯការបស់ពួកគេ និង អាចបំពេញការងារពោរពេញដោយភាពច្នៃប្រឌិតថ្មីៗ។
ជាក់ស្ដែង ក្រុមហ៊ុនមួយឈ្មោះ Agileware ស្ថិតនៅក្រុង Osaka ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៣ មក ក្រុមហ៊ុននេះ បានផ្ដល់ជាប្រាក់បន្ថែមចំនួន ២ ពាន់យេន (១៣.៧៣ ដុល្លារ) ក្នុងមួយថ្ងៃ ដល់បុគ្គលិកដែលមកធ្វើការនៅអូហ្វិស។ បន្ថែមពីនេះ សម្រាប់បុគ្គលិក ដែលទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា នឹងទទួលបានប្រាក់ថែមចំនួន ៥០០ យេន (៣.៤៣ ដុល្លារ) ទៀត។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនមួយនៅ Nagoya ក៏ដាក់ចេញនៅវិធីសាស្ត្រប្រហាក់ប្រហែលគ្នានឹងក្រុមហ៊ុន Agileware ផងដែរ។ បុគ្គលិកណាដែលសរសេរកូដ និង ទទួលបន្ទុកការងារផ្សេងៗទៀត គឺទទួលបានប្រាក់បន្ថែមចំនួន ១ ពាន់យេន (៦.៨៧ ដុល្លារ) ក្នុងមួយថ្ងៃ ប្រសិនបើពួកគេមកធ្វើការនៅអូហ្វិសចាប់ពីម៉ោង ១ ថ្ងៃដល់ម៉ោង ៤ ល្ងាច។
ការផ្ដល់ជាប្រាក់រង្វាន់បន្ថែមទាំងនេះ គឺសម្រាប់ជាការលើកទឹកចិត្តដល់បុគ្គលិកដែលធ្វើការតាមផ្ទះ ឱ្យមកធ្វើការនៅអូហ្វិស អាចបំពេញការងារជាមួយគ្នា និង អាចសហការគ្នាបំពេញការងារជាក្រុមបានល្អ៕