ម្ភៃឆ្នាំជាង អ្នកនិពន្ធដ៏ល្បី លោក ខាំ ភូរិ ទើបទទួលបានមេដាយកិត្តិយសដំបូងនៅក្នុងអាជីព
លោក ខាំ ភូរិ ជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងជើងចាស់មួយរូបដែលប្រលូកអាជីពប្រមាណជិត ៣ ទសវត្សរ៍មកហើយ។ លោកទទួលបានការគាំទ្រខ្លាំងតាមរយៈ ការនិពន្ធទំនុកច្រៀង ដឹកនាំផលិតចម្រៀង និងផលិតភាពយន្តខ្នាតតូចខ្នាតធំឱ្យផលិតកម្មល្បីនានានៅក្នុងប្រទេសកម្ពុជា។
កាលពីនៅរៀន ឪពុករបស់លោកបានឱ្យលុយសម្រាប់បង់ការសិក្សា តែលោកបានប្រើលុយនេះដើម្បីយកទៅរៀនកាត់តវីដេអូវិញ រហូតក្លាយជាអ្នកកាត់តវីដេអូ អ្នកផលិត អ្នកដឹកនាំការផលិត និងអ្នកនិពន្ធ មកដល់សព្វថ្ងៃ។
បោះជំហានលើវិថីអាជីពដែលជាក្តីស្រមៃពីតូចប្រមាណជាងម្លៃឆ្នាំ ថ្មីៗនេះ លោក ខាំ ភូរិ ទើបទទួលបានការបំពាក់គ្រឿងឥស្សរិយយស មេដាយមុនីសារភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ ដែលបញ្ជាក់ពីការចូលរួមចំណែកក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ។
ជាក់ស្តែង តាមរយៈរូបភាពបង្ហោះនៅលើគណនីហ្វេសប៊ុក លោក ខាំ ភូរិ បានភ្ជាប់មកជាមួយសំណេរយ៉ាងខ្លីថា៖ «ជាកិត្តិយសក្នុងរយៈពេលជាងម្ភៃឆ្នាំមកនេះ! នេះជាលើកទី ១ ដែលទទួលបានមេដាយកិត្តិយសពីរាជការក្នុងការងារនៃក្តីស្រមៃតាំងពីក្មេង»។
គួរឱ្យដឹងដែរថា ការបំពាក់មេដាយកិត្តិយសនេះធ្វើឡើងនៅក្នុងកម្មវិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៤ ដោយមានវត្តមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតី និងផ្តល់គ្រឿងឥស្សរិយយសសរុបចំនួន ២.១៣៣ គ្រឿង៕