មហាជនអ្នកតាមដានទស្សនាកម្មវិធីប្រឡងចម្រៀងច្រៀងជាគូដ៏អស្ចារ្យ Duet Song Festival Cambodia 2023 ច្បាស់ជាស្គាល់ហើយពីកញ្ញា អ៊ន លីនដា ដែលជាអតីតបេក្ខភាពឆ្នើមម្នាក់នៃកម្មវិធី ដ្បិតតែនាងមិនទទួលបានជោគជ័យក្នុងការប្រឡងនេះមែន ប៉ុន្តែក៏ទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនជាមួយនឹងសមត្ថភាពសំឡេងយ៉ាងពីរោះរណ្ដំរបស់នាង។
ក្រោយពីបរាជ័យក្នុងកម្មវិធីប្រឡងចម្រៀងនេះ រយៈពេលជាង ១ ឆ្នាំកន្លងមក អតីតបេក្ខភាពរូបនេះ ក៏បានបន្តដើរលើវិថីចម្រៀងនេះដដែលជាមួយនឹងសមត្ថភាពនៃទឹកដមសំឡេងយ៉ាងក្រអួនក្រអៅរបស់នាង ដែលឃើញលេចមុខលើឆាកប្រគំតន្រ្តីតូចធំ Cover បទចម្រៀង និង ចេញបទចម្រៀងផ្ទាល់ខ្លួនជាបន្តបន្ទាប់លើបណ្ដាញសង្គម។
ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ អតីតបេក្ខភាព Duet Song Festival Cambodia រូបនេះ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះចាប់អារម្មណ៍ និង ចែករំលែកខ្លាំងចំពោះវីដេអូចម្រៀងមួយ ដែល អ៊ន លីនដា បានច្រៀង Cover បទ «យីកេបំពេរស្នេហ៍» បង្ហោះលើបណ្ដាញសង្គម ពីរោះរណ្ដំស្រទន់ខ្លាំងឆក់អារម្មណ៍អ្នកស្ដាប់ឱ្យសរសើរ និង ស្រឡាញ់សំឡេងរបស់នាង។
វីដេអូនៃបទចម្រៀង ដែល អ៊ន លីនដា បានច្រៀង Cover បទ «យីកេបំពេរស្នេហ៍» នេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមបង្ហោះចែករំលែកបន្តគ្នាទាំងក្នុង YouTube, TikTok និង ហ្វេសប៊ុក ព្រមទាំងបានបញ្ចេញមតិសរសើរ និង ជំរុញលើកទឹកចិត្តដល់រូបនាងចេញបទចម្រៀងផ្ទាល់ខ្លួនផ្សេងៗទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖