មានករណីដ៏មិននឹកស្មានរបស់បុរសជនជាតិជប៉ុនវ័យ ២៥ ឆ្នាំម្នាក់ ដែលឱនលេងហ្គេមទូរស័ព្ទជាប្រចាំ បណ្តាលឱ្យខូចសាច់ដុំក រហូតដល់ងើបមុខលែងកើត លេបបាយក៏មិនបាន ព្រោះកញ្ជឹង-កបត់ចូលគ្នាគួរឱ្យខ្លាច។

តាមរយៈ JOS Case Reports ក្នុងឆ្នាំ ២០២៣ បានឱ្យដឹងថា កាលនៅក្មេងបុរសនេះមិនសូវជាមានមិត្តភក្តិឡើយ ព្រោះគេចូលចិត្តធ្វើបាបមើលងាយ ទើបផ្តាច់ខ្លួននៅតែឯង ហើយចំណាយពេលវេលាតែជាមួយនឹងហ្គេមទូរស័ព្ទ។ លុះក្រោយមក ក៏កើតការទន់ឆ្អឹងកបត់ចូលគ្នា ដែលគេហៅថា (Dropped Head Syndrome) ធ្វើឱ្យខូចទ្រង់ទ្រាយ បណ្តាលឱ្យងើបក្បាលក៏លែងកើត ពិបាកទទួលទានអាហារ ទម្ងន់ថយចុះយ៉ាងលឿន ដោយសារតែការឱនលេងហ្គេមទាំងយប់ទាំងថ្ងៃ។

ដំបូងឡើយគ្រូពេទ្យបានព្យាយាមប្រើឧបករណ៍ដើម្បីទាញកបុរសនេះចេញពីគ្នាវិញ តែមើលទៅហាក់ដូចជាមានការឈឺខ្លាំង ទើបក្រោយមកក៏បានធ្វើការវះកាត់វិញ ហើយក្រោយពីធ្វើការវះកាត់មួយឆ្នាំ បុរសនេះក៏ត្រឡប់មកដូចដើមវិញ។ ដោយឡែក គ្រូពេទ្យបានដាស់តឿនចំពោះមហាជន ឱ្យប្រយ័ត្នចំពោះរឿងប្រើទូរស័ព្ទ ជាពិសេសគឺក្រុមក្មេងៗ និង យុវជនដែលចូលចិត្តឱនលេងហ្គេមជាប្រចាំ៕

ប្រភព៖ Khaosod