នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានជូនដំណឹងឱ្យបានដឹងថា រដ្ឋបាលខេត្តកំពង់ចាម ពិសេសក្រោមការសម្របសម្រួលពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ដល់ជូនម៉ូតូច្រើនប្រភេទរហូតដល់ចំនួន ១០០ គ្រឿង សម្រាប់កងកម្លាំងជួរមុខយកទៅបំពេញការងារបម្រើក្នុងអង្គភាពងាយស្រួលឈរជើងការពារតាមបន្ទាត់ព្រំដែន ស្របពេលដែលសមរភូមិជួរមុខ កំពុងតែឈរជើងទប់ទល់នឹងការឈ្លានពានពីសំណាក់កងទ័ពសៀម នៅចំណុចព្រំដែនខេត្តព្រះវិហារ និង ឧត្តរមានជ័យ បានជួបនូវកង្វះខាតសម្ភារៈប្រើប្រាស់មួយចំនួន។
ការប្រគល់ជូននេះផងដែរ ធ្វើឡើងនៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ខណៈលោកឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំលេខ ៣ ប្រចាំទិសខេត្តព្រះវិហារ មានប្រសាសន៍ឱ្យដឹងថា ៖ «ក្នុងនាមឯកឧត្តមស្រី ឌឹក មេបញ្ជាការកងពល ពិតជាមានអារម្មណ៍សប្បាយរីករាយចំពោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត បានជួយឧបត្ថម្ភម៉ូតូជាច្រើនប្រភេទ រហូតទៅដល់ចំនួន ១០០ គ្រឿង ដល់កងកម្លាំងជួរមុខ»។
លោកមេបញ្ជាការរងកងពលធំលេខ ៣ មានប្រសាសន៍បន្តឱ្យដឹងទៀតថា ជាការពិតណាស់សមរភូមិមុខតែងតែផ្សារភ្ជាប់ជាមួយនឹងសមរភូមិក្រោយដោយមិនអាចខ្វះបាននោះទេ។ លោកមេបញ្ជាការរងបានសង្កត់ធ្ងន់ថា រូបលោកនឹងដឹកយកម៉ូតូទាំងអស់ ទៅចែកជូនដល់កងកម្លាំងក្រោមឱវាទដែលប្រចាំការជួរមុខងាយស្រួលដឹកសំភារៈផ្សេងៗឡើងលើភ្នំ មិនពិបាកដូចពេលមុនទៀតនោះទេ។ ហើយក្នុងនាមមេបញ្ជាការលោកសូមផ្ដេជ្ញាចិត្តការពារបូរណភាពទឹកដី ទប់ទល់មិនឱ្យទ័ពសៀមទន្ទ្រានយកដីកម្ពុជាសូម្បីតែមួយមីលីម៉ែត្រជាដាច់ខាត៕
ប្រភព ៖ ក្រសួងព័ត៌មាន