ប្តូរពីធ្វើស្រែ មកដាំត្រឡាចលក់ រកចំណូលបានជិត ៣០ម៉ឺនរៀលក្នុង១ថ្ងៃ
ក្នុងពេល ដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបានទទួលរងនូវផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩នោះ កសិករនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកសិករនៅខេត្តព្រៃវែងដែរ បានបង្វែរផ្ទៃដី ដែលធ្លាប់តែធ្វើស្រែ មកធ្វើការដាំដុះបន្លែបង្ការផ្សេងៗវិញ ជំនួសឱ្យការនាំចូលបន្លែពីប្រទេសជិត ក្នុងនោះ កសិករ សារិន រស់នៅក្នុង ភូមិបឹងស្នោ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង បានបង្វែរផ្ទៃដី ដែលធ្លាប់តែធ្វើស្រែចំនួន ២ ហិកតា មកដាំត្រឡាចវិញ ដែលនាំឱ្យគាត់បានទទួលកម្រៃខ្ពស់ជាងការធ្វើស្រែ ។
កសិករ សារិន បានរៀបរាប់ថា គាត់មានដីធ្វើស្រែជាង ១០ ហិកតា គាត់ធ្វើស្រែមួយមុខគត់ ក្នុងនោះដីស្រែទំហំ ៨ ហិកតា ជាដីដែលលោកជួលគេ និង ២ ហិកតាជាដីខ្លួនឯង ដោយធ្វើស្រែមួយឆ្នាំបាន ៣ ដង ព្រោះដីដែលលោកធ្វើស្រែនៅជាប់នឹងប្រឡាយទឹក ឃើញថា បានផលច្រើនគួរសមដែរ ។ បន្ទាប់ពីធ្វើស្រែគាត់បានដាំបន្លែបន្តិចបន្ទួចសម្រាប់ហូប និងលក់ឱ្យអ្នកភូមិ ប៉ុន្តែ នៅពេលដែលជំងឺកូវីដ បានចូលរាតត្បាត ខាងមន្ទីរកសិកម្មខេត្តបានមកផ្សព្វផ្សាយឱ្យប្រជាកសិករចិញ្ចឹមសត្វ និង ដាំបន្លែ ពេលនោះគាត់ក៏ជ្រើសរើយករបរដាំត្រឡាចនេះតែម្តង ដោយដាំនៅលើផ្ទៃដីទំហំ ២ ហិកតា ចាប់តាំងពី ខែឧសភា ឆ្នាំ២០២០ មកដល់សព្វថ្ងៃនេះតែម្តង ។
កសិករ សារិន បានបន្តទៀតថា បច្ចុប្បន្ន លោកអាចប្រមូលផលពីផ្លែត្រឡាចក្នុងមួយថ្ងៃៗបានជាង ២០០ គីឡូក្រាម ដោយត្រឡាចអាចលក់បាន ១៤០០ រៀល ទៅ ១៥០០ រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យគាត់បានចំណូល ប្រចាំថ្ងៃ ប្រមាណជា ៣០ ម៉ឺនរៀលក្នុងមួយថ្ងៃៗ ដែលធ្វើឱ្យគាត់អាចរកចំណូលបានច្រើនជាងការធ្វើស្រែ ។
មូលហេតុដែលកសិកររូបនេះ បានជ្រើសរើសបន្លែត្រឡាចយកមកធ្វើការដាំដុះនោះ ព្រោះវាងាយស្រួលដាំ និង ងាយស្រួលមើលថែ ថែមទាំង ទទួលផលបានលឿន គឺត្រឹមតែរយៈពេល ៤៥ ថ្ងៃ អាចប្រមូលផលពីត្រឡាចជារៀងរាល់ថ្ងៃ ។ ហើយការដាំត្រឡាចគឺវាមិនលំបាកនោះទេ គឺគ្រាន់តែរកដី ដែលជាតំបន់ខ្ពស់មិនលិចទឹកភ្លៀង ធ្វើស្មៅ លើករងឱ្យបានខ្ពស់ ប្រើជាជីកំប៉ុសអាចម៍ទា ឬអាចម៍គោ ត្រឡាចរិតតែល្អ ។ ដោយសារតែមុខរបរដាំត្រឡាចនេះបានធ្វើឱ្យគ្រួសាររបស់លោក សារិន មានជីវភាពរស់នៅបានសមរម្យជាង កាលពីពេលពីធ្វើស្រែ ៕
ប្រភពៈមន្ទីរកសិកម្មខេត្តព្រៃវែង