រៀនចប់បណ្ឌិតមកពីបរទេស បែរមកបើកកសិដ្ឋានដាំក្រូចឆ្មារ នៅខេត្តកំពង់ធំទៅវិញ
ពិតជាប្លែកម៉្យាង ដែលយុវជនម្នាក់បានបញ្ចប់ការសិក្សាររហូតដល់ថ្នាក់បណ្ឌិតនៅបរទេស ពេលត្រឡប់មកស្រុកវិញ មិនទៅរកការងារធ្វើដើម្បីក្លាយទៅជាអ្នកធំ តែគាត់បែរជាទៅបើក កសិដ្ឋានដាំក្រឆ្មារ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
យុវជនរូបនេះ មានឈ្មោះ ហ៊ូ សុខសាន្ត តាមពិតទៅគាត់មិនមែនជាអ្នកមានកំណើតកើតជានៅ ខេត្តកំពង់ធំនោះទេ គឺ គាត់មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបានមករស់នៅ និង រៀនសូត្រនៅក្នុងទីក្រុងភ្នំពេញ តាំងពីកុមារភាពមកម្ល៉េះ ។ យុវជន ហ៊ូ សុខសាន្ត បានបញ្ចប់សញ្ញាប័ត្រ បរិញ្ញាប័ត្រ នៅសាលាកសិកម្មចំការដូង រួចបានចូលបំរើការងារជាមន្ត្រីរាជការមួយរយៈ បន្ទាប់មកយុវជនរូបនេះ បានកន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកកសិកម្មនៅ ប្រទេសហ្វីលីពីន ហើយក្រោយពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត យុវជន ហ៊ូ សុខសាន្ត បានវិលត្រឡប់មកមាតុភូមិកំណើតវិញ ហើយក៏ចាប់ផ្តើមបង្កើតកសិដ្ឋានដាំក្រូចឆ្មារដោយខ្លួនឯង នៅក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ តែម្តង ។
បណ្ឌិត ហ៊ូ សុខសាន្ត បានឱ្យដឹងថា បើគាត់ជា បណ្ឌិតកសិកម្ម បើមិនចង់ធ្វើកសិកម្ម ទៅចង់ធ្វើធំ គឺវាមិនសមឡើយ ដូចនេះរូបគាត់បានជ្រើសរើសយកការដាំក្រូចឆ្មារ ព្រោះលោកសង្កេតឃើញថា យ៉ាងហោចណាស់ ក៏ក្នុងមួយថ្ងៃ នៅក្នុងប្រទេសកម្ពុជាយើងនាំផ្លែក្រូចឆ្មារ ១០០ តោនដែរមកពីប្រទេសជិតខាងយើង ដែលនៅពេលនេះ កសិករនៅក្នុងប្រទេសយើង អាចមានលទ្ធភាពផលិត ផ្លែក្រូចឆ្មារបានត្រឹមតែប្រមណាជា ១ តោនប៉ុណ្ណោះ ។ សព្វថ្ងៃ លោកបានដាំក្រូចឆ្មារ លើផ្ទៃដីទំហំ ១៦ ហិកតា និង មានកូនក្រូចឆ្មារជាង ១ ០០០ កូន ។ រហូតមកដល់ពេលនេះ អស់រយៈពេល ៣ ឆ្នាំមកហើយ ហើយក្រូចឆ្មាររបស់គាត់ ក៏បានឱ្យផលពីរឆ្មាំមកហើយ ។ ក្រៅពីនេះគាត់បានដាំក្រូចឆ្មារ នៅខេត្តបាត់ដំបងលើផ្ទៃដីទំហំ ១០ ហិកតា ខេត្តសៀមរាប ១ ហិកតា និង ស្រុកព្រែកប្រសព្វ ខេត្តក្រចេះលើផ្ទៃដីទំហំ ១ហិកតា ។
**បច្ចេកទេសក្នុងការដាំដុះក្រូចឆ្មារ
វីធីដាំដុះក្រូចឆ្មារ លោកបណ្ឌិត ហ៊ូ សុខសាន្ត បានបន្តថា ការដាំក្រូចឆ្មារមិនអាចដាំតាមបែបបុរាណឡើយ គឺ វាមិនបានផលល្អនោះទេ ពោលគឺការដាំក្រូចឆ្មារត្រូវយកចិត្តទុកដាក់តាមបច្ចេកទេសលើ ៥ ចំណុចសំខាន់ៗទើបទទួលបានជោគជ័យ ។ ទី១ កត្តាដី៖ ក្រូចឆ្មារអាចដាំបានតែលើដីល្បាប់ ដីល្បាយខ្សាច់ មិនអាចដាំលើដីភ្នំដែលមានថ្ម ឬ ដីឥដ្ឋឡើយ ។ នៅក្នុងការដាំក្រូចឆ្មារនេះ យើងត្រូវជីករណ្តៅ ៤ តឹក ៤ ជ្រុង រួចយកជីកំប៉ុស្តិ៍លាយជាមួយដីម៉ដ្ឋពាក់កណ្តាល រួចដាក់កូនចូល មិនបាច់ប្រើជីទ្រាប់បាតឡើយ ព្រោះកូនក្រូចនៅតូចវាមិនអាចស្រូបជីពីបាតរណ្តៅបានឡើយ ដូចនេះ កាដាក់ជីបាតរណ្តៅគឺឥតប្រយោជន៍ ។ ទី២ កត្តាពូជ ៖ក្រូចឆ្មារ ដែលដាំហើយលក់មានតម្លៃគឺពូជក្រូចឆ្មារខ្មែរ និង ពូជក្រូចឆ្មារគ្មានគ្រាប់ ក្រៅពីពូជ២នេះគឺដាំគ្មានទីផ្សារឡើយ ។ ទី៣ ដាំក្រូចឆ្មារដំបូងត្រូវស្រោចទឹកវា ២ឬ៣ថ្ងៃម្តងឱ្យបាន៣ខែទើបវារស់ ដើម្បីទទួលបានជោគជ័យ ត្រូវរៀបចំប្រពន្ធទឹកឱ្យបានត្រឹមត្រូវតាមលក្ខលបច្ចេកទេស ទោះបីក្រូចឆ្មារវាមិនត្រូវការទឹកច្រើនក្តីក៏ការរៀបចំប្រពន្ធទឹកសំខាន់ណាស់ ព្រោះវាអាចងាប់នៅរដូវប្រាំង ។ ទី៤ បញ្ហា ជី ថ្នាំ គេអាចប្រើជីកំប៉ុស្តិ៍ ឬ ថ្នាំតាមបែបបុរាណ ក៏បានដោយយកថ្នាំជក់ លាយជាមួយស្លឹកស្តៅ ត្រាំទឹក តាមក្បូនកំណត់ រួចយកទឹកនោះ មកលាយជាមួយទឹកធម្មតាមកបាញ់លើក្រូចពេលវាមានជំងឺ ។
ការដាំក្រូចឆ្មារ បើមិនប្រើជីថ្មាំ ឬ ថ្នាំគីមីខ្លះទេ វាមិនបានផលឡើយ ប៉ុន្តែការប្រើ ថ្នាំ ជី នោះវាមានកម្រិតកំណត់របស់វា មិនមែនចេះតែប្រើគ្មានបច្ចេកទេសឡើយ ។ ទី៥ ការដាំក្រូចឆ្មារត្រូវតែគិតគូរអំពីបញ្ហាទីផ្សារជាចាំបាច់ ប៉ុន្តែសម្រាប់ប្រទេសយើងពេលនេះ បញ្ហាទីផ្សារក្រូចឆ្មារវាមិនចោទឡើយ ព្រោះកសិករយើងដាំវានៅខ្វះខាត់តម្រូវការទីផ្សារច្រើនណាស់ ក្រូចឆ្មារមិនអាចដាំលើដីលិចទឹកបានឡើយ វានឹងងាប់ពេលទឹកលិច ។
វិធីថែទាំ៖ ការថែទាំក្រូចឆ្មារត្រូវតាមលក្ខណបច្ចកទេសត្រឹមត្រូវ ប៉ុន្តែវាមិនលំបាកពេកដល់ថ្នាក់យើធ្វើមិនបានឡើយ ពេលវាធំដើម្បីកុំឱ្យដុះស្មៅ កើតជំងឺត្រូវយកអង្កាមគ្របគល់វា ឬ ដាំសណ្តែកផ្កា ដើម្បីជំនួយដីឱ្យល្អផង កុំឱ្យស្មៅដុះផង ។ ក្រូចឆ្មារវាកើតជំងឺរោយស្លឹក ដង្គូវស៊ីស្លឹកឬខ្ញុងស៊ីស្លឹក និង មានអុចនៅលើស្លឹក ឬ មែក បើក្រូចលោកអ្នកកើតជំងឺដូចនេះ គួរទៅពិគ្រោះជាមួយអ្នកជំនាញទើបបាន ព្រោះគេអាចជួយលោកអ្នកបាន ដោយមធ្យោបាយងាយៗ។
លោកបណ្ឌិត ហ៊ូ សុខសាន្ត បានសំណូមពរឱ្យប្រជាពលរដ្ឋខ្មែរនាំគ្នាដាំក្រូចឆ្មារឱ្យបានច្រើន ព្រោះពេលនេះ ទីផ្សារក្រូចឆ្មារមិនអាចគ្រប់សម្រាប់ពលរដ្ឋយើងពិសារនៅក្នុងប្រទេសឡើយ គឺយើងផលិតបានតែ ១ ភាគរយប៉ុណ្ណោះ ។ ដោយមិនគិតតម្លៃដី ការដាំក្រូចឆ្មារ ចំណាយថវិការតែប្រមាណជា ២ ០០០ ដុល្លារ ក្នុង១ហិកតា ហើយក្នុងរយៈពេល១ឆ្នាំ យើងបានទទួលផលហើយ ពោលគឺឆ្នាំទី២ យើងនឹងបានលុយរួចថ្លៃដើមហើយ ដោយឆ្នាំដំបូងនេះយើងទទួលផល ពី ២០ ទៅ ៤០ តោន នៅឆ្នាំទី២ទទួលផលបានពី ៤០ ទៅ ៨០តោន និង ឆ្នាំបន្ទាប់ ពី ៨០ទៅ ១០០តោន ក្នុង១ ហិកតា ។
ក្រូចឆ្មារមានតម្លៃ ពី ២ ០០០ ទៅ ៤ ០០០រៀលក្នុង ១គីឡូក្រាម តាមពេលមានតិចឬច្រើន ហើយកូនក្រូចឆ្មារ ដែលកសិដ្ឋានលោកលក់ គឺក្នុងមួយដើមមានតម្លៃ ៤ ០០០រៀល ហើយកូនក្រូចឆ្មារដែលនាំចូលពីប្រទេសជិតខាង គេលក់ ១ ដើម ៦ ០០០ រៀល ។ ប្រសិបើលោកអ្នកត្រូវការទិញកូនក្រូចឆ្មារដាំ ក្រូចមានជំងឺ ឬ ចង់ដឹងពីបច្ចេកទេសផ្សេងៗ អាចទាក់ទងលោកបណ្ឌិត ហ៊ូ សុខសាន្ត ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០១២ ៥២ ៦៥ ៩៥ /០១០ ៥២ ៦៥ ៩៥ /០៦៦ ៥២ ៦៥ ៩៥ ៕