អាជីវកម្មលក់កង់ទំនើបកំពុងត្រូវប៉ាន់ ខណៈអាជីវកម្មដទៃទៀតរកកលនឹងដួលរលំ ដោយសារជំងឺកូវីដ
ជំងឺកូវីដ បានធ្វើឱ្យសេដ្ឋកិច្ចពិភពមានការធ្លាក់ចុះមួយកម្រិត ដោយសារតែវិស័យដឹកជញ្ជូនទំនិញមួយចំនួនត្រូវបានជាប់គាំង ។ ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏ទទួលរងឥទ្ធិពលពីជំងឺនេះដែរ បានធ្វើឱ្យហាងលក់ដូរទំនិញ និង ក្រុមហ៊ុនមួយចំនួនត្រូវបានបិទទ្វារ និង ហាងមួយចំនួនទៀតក៏ត្រូវប្រឈមនឹងការបិទទ្វារដែរ ដោយសារតែមិនមានភ្ញៀវ ឬ អតិថិជនចូលទិញ ។ ប៉ុន្តែអាជីវកម្មលក់កង់ វាមិនដូចជាអាជិវកម្ម ឬ ការលក់ដូរទំនិញដទៃទៀតឡើយ នៅពេលមានជំងឺកូវីដចូលរាតត្បាត ការលក់កង់ទំនើបៗបែរជាលក់ដាច់ច្រើនជាងមុន ជំងឺកូវីដ ចូលរាតត្បាតទៅទៀត បានធ្វើឱ្យអ្នកបើកអាជីវកម្មលក់កង់ញ្ញឹមបិទមាត់មិនជិតឡើយ ។ ហើយកង់ដែលពួកគេលក់ សុទ្ធតែជាប្រភេទកង់ទំនើបៗមានតម្លៃថ្លៃ ប្រភេទកង់ខ្លះមានតម្លៃរហូតដល់ជាង ១ម៉ឺនដុល្លារក៏មានដែរ ។
កញ្ញា ស៊ូ ហ្វាង អ្នកគ្រប់គ្រងទូទៅនៅ ហាងកង់ហោះ បានរៀបរាប់ថា បច្ចុប្បន្ននេះ ហាងកង់ហោះមានចំនួន២ សាខាគឺសាខាទី១ នៅផ្លូវភ្លោះមន្ទីពេទ្យអង្គឌួង ឬ ផ្លូវក្រមួនស និង សាខាទី២ ស្ថិតនៅផ្លូវប៉ាស្ទើ ផ្ទះលេខ ១៣១, ផ្លូវលេខ ៥១ កែង និង ផ្លូវ២០០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ហាងកង់ហោះ បានចាប់ផ្តើមបើកដំណើរការ តាំងពីឆ្នាំ ២០១១មកម្ល៉េះ ចាប់តាំងពីបើកដំណើការរហូតមកដល់មុនជំងឺកូវីដចូលរាតត្បាត គឺមានអតិថិជនគាំទ្រ និង បានទិញកង់ពីហាងកង់ហោះនេះច្រើន ។ ប៉ុន្តែនៅពេលជំងឺកូវីដចូលរាតត្បាត ការលក់ដុរកង់ នៅក្នុងហាងកង់ហោះមានការប៉ះពាល់បន្តិចបន្តួចដែរគឺប៉ះពាល់តែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីនោះមកការលក់កង់ លក់ដាច់ច្រើនជាងមុនសម័យកូវីដទៅទៀត ។ ហើយភាគច្រើននៃអ្នកមកទិញកង់គឺពួកគាត់ទិញយកទៅជិះ សម្រាប់ហាត់ប្រាណ ព្រោះក្លឹបហាត់ប្រាណត្រូវបានបិទទ្វារផ្អាកមួយរយៈដោយសារជំងឺកូវីដនេះ ។ ដូច្នេះហើយ ទើបពួកគាត់ងាកមកជិះកង់ហាត់ប្រាណដើម្បីសុខភាពវិញ ។ កង់ដែលលក់នៅក្នុង ហាងកង់ហោះខ្ញុំនេះ សុទ្ធតែជាម៉ាកកង់ល្បីៗ ដែលធ្វើការនាំចូលមកពីសហរដ្ឋអាមេរិក ដែលមានតម្លៃចាប់ពីជាង ២០០ដុល្លាររហូតដល់ទៅ ១២ ០០០ដុល្លារ ។ ហើយប្រភេទកង់ ដែលលក់ដាច់ជាងគេគឺប្រភេទកង់ភ្នំ ដែលកង់ប្រភេទនេះអាចជិះនៅផ្លូវរាបស្មើក៏បាន ផ្លូវដីក៏បាន ។
ដោយសារតែ មើលឃើញវិស័យជិះកង់កាន់តែមានការរីកចម្រើន និង កាន់តែធំទូលាយនោះ លោក ម៉ែន បដិការ បានបើកហាងលក់កង់មួយមានឈ្មោះថា ហាង Enduro ដែលមានលក់សម្ភារកង់ និង កង់ម៉ាកល្បីៗគ្រប់ប្រភេទ ។ ហើយហាងលក់កង់ Enduro របស់លោកមានទីតាំងស្ថិតនៅជាប់ខាងជើងរបងស្ថានីយទូរស្សន៍អាស៊ីអាគ្នេយ៍ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ លោក ម៉ែន បដិការ បាននិយាយពីអាជីវកម្មលក់ដូរកង់របសលោកនេះថា ខ្ញុំបានបើកអាជីវកម្មលក់កង់នេះអស់រយៈពេលជាង ២ឆ្នាំមកហើយ និយាយទៅកាលពីមុនដំបូងខ្ញុំគ្រាន់តែជាអ្នកជិះកង់ធម្មតានោះទេ ប៉ុន្តែដោយសារតែមើលឃើញមានការខ្វះខាតនៃសម្ភារៈប្រើប្រាស់សម្រាប់កង់ ខ្ញុំក៏ចាប់ផ្តើមលក់ម្តងបន្តិចៗបន្ទាប់មកនៅពេលលក់សម្ភារប្រើប្រាស់កង់ទាំងនោះហើយ ខ្ញុំក៏សម្លឹងមើលឃើញឱកាស ព្រោះយើងស្គាល់អ្នកជិះកង់ច្រើន ហើយខ្ញុំក៏ចាប់ផ្តើមលក់កង់តែម្តង ។ និយាយទៅ ខ្ញុំសង្កេតឃើញកំណើននៃអ្នកជិះកង់ច្រើននោះគឺ មានរយៈពេលប្រហែលជា២ឆ្នាំ ចុងក្រោយកន្លងមកនេះ ។ ហើយការកើនឡើងនៃអ្នកជិះកង់ច្រើនជាងគេ នៅពេលដែលជំងឺកូវីដចូលរាតត្បាតនេះតែម្តង រហូតដល់កង់នៅក្នុងស្រុកខ្មែរយើងលក់ដាច់ស្តុក ។
បើតាមអ្វីដែលខ្ញុំបានមើលឃើញដោយផ្ទាល់គឺទី១នៅក្នុងស្រុកខ្មែរយើងគេបានបិទក្លឹបហាត់ប្រាណទាំងអស់ ហើយបងប្អូន ដែលធ្លាប់តែហាត់ប្រាណនៅតាមក្លឹបគឺពួកគាត់ងាកមកជិះកង់ហាត់ប្រាណវិញម្តង ។ ដោយសារការជិះកង់ វាជួយដល់សុខភាពយើងហើយ វាជួយបង្កើនមិត្តភាព និង កាត់បន្ថយអារម្មណ៍ស្ត្រេស ភាគច្រើនពួកគាត់ជាអ្នកធ្វើការងារ ហើយការជិះកង់នេះមានគ្នាជជែកកម្សាន្ត វាខុសពីយើងទៅហាត់កីឡាផ្សេងៗ ។ ហើយការជិះកង់ឥឡូវ គេមានជាក្រុមរបស់គេ នៅក្នុងហាងរបស់ខ្ញុំមានកង់ប្រភេទភ្នំ ដែលមានច្រើនម៉ាក ក្រៅពីកងថ្មី ខ្ញុំក៏មានលក់កង់មួយតឹក ដែលនាំចូលមកពីក្រៅប្រទេសក៏មានច្រើនម៉ាកផងដែរ ។ ហើយកង់ថ្មីៗទាំងនេះ យើងបានធ្វើការនាំចូលមកពីរោងចក្រផ្ទាល់តែម្តង ដែលផលិតនៅតៃវ៉ាន់ ហើយកង់មួយតឹកយកមកពីស្រុកគេមានកង់ខ្លះយកមកពីសហរដ្ឋអាមេរិក ។ ម៉ាកដែលពេញនិយម ជាប្រភេទកង់ដែលគេស្គាល់នៅក្នុងស្រុកខ្មែរគឺមាន ប្រភេទកង់ចាយអ៊ិន ស្ពេសាឡាយ និង ប្រភេទកង់មួយចំនួនទៀត ។ ហើយប្រេន ដែលខ្ញុំបាននាំមកមួយតឹក មានអ្នកខ្លះក៏អត់ស្គាល់ដែរ ព្រោះវាល្បីនៅខាងប៉ែកអឺរ៉ុប ហើយនៅប៉ែកអាស៊ីនេះគឺល្បីតែប្រេន ដែលគេបាននាំមកលក់ អ៊ីចឹងកាលណាគេនាំមកលក់ប្រភេទអ្វីគឺល្បីប្រភេទនោះហើយ ។
លោក ម៉ែន បដិការ បានឱ្យដឹងទៀតថា នៅក្នុងហាងរបស់ខ្ញុំនេះមានលក់កង់តម្លៃចាប់ពីជាង ៣០០ដុល្លារ ទៅដល់ជាង ៥០០០ដុល្លារ ។ ជាទូទៅអតិថិជនមានគ្រប់ប្រភេទទាំងអស់ អ្នកដែលមានជីវភាពមធ្យមពួកគាត់ទិញកង់តម្លៃ ៣០០ ដុល្លារ, ៤០០ដុល្លារឬក្រោម ១០០០ដុល្លារយកទៅជិះ ។ សម្រាប់អ្នក ដែលមានជីវភាពធូធារគឺពួកគាត់ទិញកង់ចាប់ពីជាង១០០០ដុល្លាររហូតដល់ទៅ ៥០០០ដុល្លារ ដើម្បីយកទៅជិះហាត់ប្រាណ ។ នៅក្ុងហាងរបស់ខ្ញុំនេះ ប្រភេទកង់ដែលលក់ដាច់ជាងគេម៉ាក់ ស្ពេសាឡាយ លក់ដាច់ជាងគេ ។ កង់ ដែលមានតម្លៃក្រោម ២០០០ដុល្លារមានអតិថិជនទិញជិះច្រើន ។ កាលពីមុនសម័យកូវីដ ក្នុងមួយថ្ងៃ យើងអាចលក់បាន ២ឬ៣គ្រឿងក្នុងមួយថ្ងៃ ហើយនៅសម័យកូវីដនេះ កង់ដែលនាំចូលមកគឺមានអតិថិជនគេកុម្ម៉ង់ទិញអស់ៗតែម្តង ។ ក្នុង ១ថ្ងៃ នាំចូលមក ៥ គ្រឿងអស់ទាំង ៥គ្រឿងនោះតែម្តង នាំចូល ៧គ្រឿងលក់អស់៧គ្រឿងតែម្តង ។ ដោយសាមួយរយៈ កន្លងមកនេះបិទក្លឹបហាត់ប្រាណ ហើយដើម្បីសុខភាព ចឹងប្រជាពលរដ្ឋយើងងាកមកជិះកង់ច្រើន ។ ខ្ញុំបានបើកហាងលក់កង់នេះ តាំងពីឆ្នាំ ២០១៨មកម្ល៉េះ ឥឡូវនេះមានអតិថិជនច្រើនបានស្គាល់ហាងកង់របស់ខ្ញុំនេះ ព្រោះយើងមានសេវាជួសជុលកង់ និង លក់គ្រឿងបន្លាស់ សម្ភារកង់ ។ ប្រសិនបើអតិថិជនត្រូវការសេវាកម្មជួសជុលកង់ និង សម្ភារប្រើប្រាស់សម្រាប់កង់ ឬ ត្រូវការកង់ភ្នំមួយតឹក ឬ ថ្មី នៅហាងរបស់យើងមាន ។ ទោះជាទិញកង់មួយតឹកក៏ដោយ ឬ ថ្មីក៏ដោយគឺហាងយើងខ្ញុំធានា ផ្នែកសេវាជួសជុលឱ្យគឺ អត់យកលុយនោះទេ តែបើដូរគ្រឿងបន្លាស់យកលុយថ្លៃគ្រឿងបន្លាស់ ។ កង់មួយតឹកធានា ៣ខែ ហើយកង់ថ្មី ធានា ១ឆ្នាំ ៕