មានដីកន្លះហិកតា ដាំផ្កាចន្ធូលក់ រកចំណូលបាន ១៧ លានរៀលក្នុង ១ ឆ្នាំ
ប្រសិនបើកសិករមានដីតែ ០,៥ ហិកតា គួរកុំទុកទំនេរចោល គ្រាន់តែដាំផ្កាចន្ធូ លក់រាល់ថ្ងៃសីលក៏បានចំណូល យ៉ាងច្រើនគួរឱ្យចាប់អារម្មណ៍ផងដែរ ។ ជាក់ស្ដែង កសិករឈ្មោះ ហ៊ឹង ប៊ុនហេង នៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ គាត់បានដាំផ្កាចន្ធូ លើផ្ទៃដីតូចដែលមានទំហំតែ កន្លះហិកតា តែប៉ុណ្ណោះ គាត់អាចរកលុយពីការលក់ផ្កាបាន ១៧ លានរៀលជារៀងរាល់ឆ្នាំដែរ ។
កសិករ ហ៊ឹង ប៊ុនហេង ជាម្ចាស់ចំការដំណាំផ្កាចន្ធូ បានរៀបរាប់ឱ្យដឹងថា ដំណាំផ្កាចន្ធូ បានដាំរយះពេលមួយឆ្នាំ មកហើយ ចំណាយថវិកាទិញពូជ ជី អង្កាម និង ប្រេងបូមទឹក អស់ថវិកាសរុប ៨ ៦៨០ ០០០ រៀល ហើយចំពោះការប្រមូលផលវិញគឺបានធ្វើឡើង ០១ សប្តាហ៍ ម្តង ដែលទទួលបានប្រាក់ចំណូល ៤០០ ០០០ រៀល ទៅ ៥០០ ០០០ រៀល រៀងរាល់ថ្ងៃសីល ដែលក្នុងរយៈពេល០១ ខែ កាត់ផ្កាប្រមូលផលបានចំនួន ៤ លើក ដោយដឹកយកទៅលក់ នៅក្រៅខេត្ត្ត ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និង ទីក្រុងភ្នំពេញ និង ពេលខ្លះឈ្មួញមកទទួលទិញដល់ផ្ទះក៏មានដែរ ។
កសិករ ហ៊ឹង ប៊ុនហេង បានរៀបរាប់ទៀតថា ក្នុង១ឆ្នាំគាត់ បានចំណូលពីការលក់ផ្កាចន្ធូ ចំនួន ១៧ ២០០ ០០០ រៀល ចំណេញសរុបកាត់ថ្លៃចំណាយផ្សេងៗ គាត់បានចំណេញចំនួន ៨ ៥២០ ០០០រៀល ដែរ ។ ដូចនេះ កសិករដ៏ទៃទៀត បើមានដីកុំទុកទំនេរចោល គ្រាន់ដាំផ្កាលើផ្ទៃដីកន្លះហិកតា ក៏បានចំណេញយ៉ាងច្រើនដែរ ៕
ប្រភពៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន