មុខរបរចិញ្ចឹមចង្រិតរបស់ប្អូន ញឿក ភារម្យ កំពុងកាក់កបខ្លាំង
ក្រៅពីអាជីពជាសាស្ត្រាចារ្យបង្រៀននៅមហាវិទ្យាល័យ ប្អូនប្រុស ញឿក ភារម្យ បានបង្កើតមុខរបរមួយទៀត ជាមួយការបោះទុនដំបូងចំនួន ១០០០ដុល្លារដើម្បីបង្កើតមុខរបរចិញ្ចឹមចង្រិត ។ មកដល់ពេលនេះ មុខរបរចិញ្ចឹមចង្រិតរបស់ប្អូនប្រុសកំពុងទទួលបានផលផ្លែផ្កា និង ជោគជ័យយ៉ាងខ្លាំង ដែលក្នុងមួយខែៗប្អូនបានរកចំណូលពីការចិញ្ចឹមចង្រិតនេះជិត ២០០០ ដុល្លារ ។ កន្លែងចិញ្ចឹមចង្រិតរបស់ប្អូនមានទីតាំងធំស្ថិតនៅក្នុងភូមិ ត្រពាំងឬស្សី ឃុំបារាយ ស្រុក ដូនកែវ ខេត្តតាកែវ ។
ញឿក ភារម្យ បានបង្កើតមុខរបរចិញ្ចឹមចង្រិតនេះ តាំងពីឆ្នាំ ២០១១មកម្ល៉េះ ប្អូនប្រុសបានរៀបរាប់ថា មូលហេតុដែលនាំឱ្យខ្ញុំចាប់ផ្តើមចិញ្ចឹមចង្រិតនេះ មុនដំបូងដោយមើលឃើញថា មុខរបរចិញ្ចឹមចង្រិតមានការងាយស្រួលចិញ្ចឹមជាងការចិញ្ចឹមសត្វដទៃទៀត ។ ហើយជាក់ស្តែងនៅក្នុងស្រុកយើងក៏មិនសូវសម្បូរអ្នកចិញ្ចឹម ហើយចង្រិតធម្មជាតិក៏មិនសូវសម្បូរ ខ្ញុំក៏ចាប់ផ្តើមចិញ្ចឹម ។ ហើយណាមួយ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍មែនទែន ទាក់ទងនឹងការចិញ្ចឹមចង្រិតនេះគឺមុខរបរចិញ្ចឹមចង្រិត អាចឱ្យយើងរកចំណូលបានច្រើន មានអ្្នកចិញ្ចឹមចង្រិតនៅអាមេរិកម្នាក់បានរកចំណូលពីការចិញ្ចឹមចង្រិតនេះរហូតដល់ទៅជាង ១លានដុល្លារក្នុងមួយឆ្នាំ ។ បន្ទាប់មកខ្ញុំក៏ចាប់ផ្តើមធ្វើការស្រាវជ្រាវរកឯកសារផ្សេងៗ ដូចជាមើលតាមយូធូបពីរបៀបនៃការចិញ្ចឹមចង្រិតនេះ ហើយក៏ចាប់ផ្តើមចិញ្ចឹមខ្លួនឯងតែម្តង ឃើញថាវាកាកកបពិតមែន ។ ចំពោះដើមទុនក្នុងការចិញ្ចឹមចង្រិតនេះគឺយើងធ្វើទៅតាមលទ្ធភាពរបស់យើង បើមានតិចធ្វើតិច មានច្រើនធ្វើច្រើន ។ និយាយទៅមានដើមទុនតែ១០០ដុល្លារគឺយើងអាចធ្វើបានហើយ ។ ចំនួនលុយ ១០០ដុល្លារនេះ យើងអាចធ្វើទ្រុងទំហំ២ម៉ែត្រការ៉េ ទិញពូជ និង ទិញសម្បុកពងវា ប៉ុន្តែយើងចិញ្ចឹមជាលក្ខណតូចប៉ុណ្ណោះ តែបើយើងចិញ្ចឹម លក្ខណធំបន្តិច ឬ មធ្យមគឺចំណាយទុនចាប់ពី ៥០០ដុល្លារឡើងទៅ ។ កាលពីចាប់ផ្តើមចិញ្ចឹមចង្រិតដំបូង ខ្ញុំចំណាយដើមទុនអស់ចំនួន ១០០០ដុល្លារ ។ ការចិញ្ចឹមចង្រិតនេះ ខ្ញុំមិនបានទៅរៀនពីគ្រូណានោះទេ គឺ រៀនតាមប្រព័ន្ធអ៊ិនធើណេត ហើយបន្ទាប់មកក៏រៀន និង ដកស្រង់បទពិសោធពីការចិញ្ចឹមដោយខ្លួនឯងតែម្តង ។ រាល់ថ្ងៃនេះ ខ្ញុំបានបង្ហាត់បង្រៀនកូនសិស្ស ជាច្រើនរយនាក់ ពីបច្ចេកទេសក្នុងការចិញ្ចឹមចង្រិតនេះ ។
** បច្ចេកទេសក្នុងការចិញ្ចឹមចង្រិត
រហូតមកដល់ពេលនេះ ញឿក ភារម្យ និង ក្រុមអ្នកសហការរបស់ប្អូនមានទ្រុងចិញ្ចឹមចង្រិតជិត ៥០០ទ្រុង ដែលក្នុងមួយថ្ងៃៗប្អូនអាចប្រមូលផលចង្រិតយកទៅលក់លើទីផ្សារបានជាង ២០០គីឡូក្រាម ដោយចង្រិត ១គីឡូក្រាមលក់បានចំនួន ១៥០០០រៀល ។ ញឿក ភារម្យ បានរៀបរាប់បន្តទៀតថា មុខរបរចិញ្ចឹមចង្រិតនេះ មិនពិបាកនោះទេ ការធ្វើទ្រុងមានច្រើនបែប ច្រើនសណ្ឋាន ប៉ុន្តែទ្រុងដែលងាយស្រួលចិញ្ចឹម នៅតាមជនបទគេប្រើទ្រុងថ្ម ហើយទំហំវា ២គុណ ៨ម៉ែត្រ កំពស់ ៨តឹក បន្ទាប់មកយើងដាក់សម្បុកពងវាចូល ហើយពូជពីដំបូងគឺខ្ញុំយកមកពីប្រទេសថៃ ប៉ុន្តែឥឡូវនេះគឺយើងមានពូជចង្រិតសម្រាប់លក់ឱ្យទៅអតិថិជន ដែលជាពូជបង្កាត់ ដោយខ្លួនឯង ។ ហើយរយៈពេលមួយសប្តាហ៍ សម្បុកពង ដែលយើងដាក់នៅក្នុងទ្រុងនោះ វានឹងញាស់ ហើយបន្ទាប់ពីវាញាស់ រយៈពេល ៣៥ថ្ងៃគឺយើងអាចលក់វាបានហើយ ។
ចំពោះចំណីវិញគឺយើងប្រើចំណី ដែលដាក់ឱ្យកូនមាន់ស៊ី ឬ ចំណីទាក៏បាន ទៅតាមធនធានរបស់យើង និង បន្លែធម្មជាតិ ក៏ជាចំណីរបស់វាដែរ ។ ក្នុងការថែទាំវិញគឺមិនពិបាកនោះទេ ចាប់តាំងពីវាញាស់រហូតដល់ប្រមូលផលលក់ ទើបយើងធ្វើការបោសសម្អាតទ្រុងនោះម្តង គ្រាន់តែការចិញ្ចឹមរបស់យើងឱ្យមានអនាម័យបន្តិច ។ ចង្រិតដែលខ្ញុំចិញ្ចឹមនេះ មានពីរប្រភេទ គឺ ចង្រិតខ្មៅ និង ចង្រិតក្រហម តែចង្រិតខ្មៅមានតម្លៃថ្លៃជាងចង្រិតក្រហម ។ ចង្រិតខ្មៅថ្លៃជាងចង្រិតក្រហមជាង ១០០០រៀលក្នុងមួយគីឡូក្រាម តែឆ្ងាញ់ ឬ មិនឆ្ងាញ់ វាអាស្រ័យនៅលើគ្រឿងប៉ុណ្ណោះ ។ ចំពោះការផ្តល់ចំណីឱ្យចង្រិតស៊ីវិញគឺក្នុងរយៈពេល ២ថ្ងៃ ទើបយើងផ្តល់ចំណីឱ្យវាស៊ីម្តង បើចង្រិតស៊ីអស់ចំណី ១បេ ដែលមានទម្ងន់ ៣០គីឡូក្រាមនោះ ដែលតម្លៃចំណី១បេស្មើ៥ម៉ឺនរៀល ពេលដែលចង្រិតស៊ីអស់ចំណី ១បេនេះ យើងទទួលបានផលចង្រិតចំនួន ១០គីឡូក្រាមមកវិញ បើយើងលក់បាន ១គីឡូក្រាម ត្រឹមតែ ១ម៉ឺនរៀលយើងទទួលបាន ១០ម៉ឺនរៀល ដូច្នេះយើងចំណេញ ១០០% ។ មានន័យថា ក្នុង១ទ្រុង បើវាស៊ីអស់ចំណីតែមួយបេទេគឺយើងទទួលបានផលចង្រិតចំនួន ១០គីឡូក្រាម( ទំហំទ្រុង ២ម៉ែត្រការ៉េ )បើទ្រុងទំហំ ២ គុណ ៨ម៉ែត្រ វាស៊ីចំណីអស់ ១៦បេ យើងទទួលបានចង្រិតមកវិញចំនួន ១៦០គីឡូក្រាម ក្នុងរយៈពេល ៣៥ថ្ងៃ ។ ដូច្នេះការចិញ្ចឹមចង្រិតនេះគឺយើងទទួលបានផលចំណេញច្រើន ដែលក្នុងមួយខែៗយើងអាចរកចំណូលពីការចិញ្ចឹមចង្រិតនេះបានជិត ២ ០០០ដុល្លារ ។ ហើយទីផ្សារចង្រិតនាពេលបច្ចុប្បន្ននេះគឺល្អខ្លាំងណាស់ រកតែចង្រិតលក់ឱ្យម៉ូយមិនបានផង ។
បើបង ប្អូនចង់ដឹង ឬ ចង់រៀនពីបច្ចេកទេសក្នុងការចិញ្ចឹមចង្រិតនេះ អាចទាក់ទងទៅប្អូន ញឿក ភារម្យ ដោយផ្ទាល់បាន តាមរយៈលេខទូរស័ព្ទ ០៩៨ ៤៦១ ១៤២ ,០១២ ៦២០ ៤៤២ ៕