គំរូមែន! នៅត្បូងឃ្មុំ មានពលរដ្ឋម្នាក់ ស្ម័គ្រចិត្តប្រគល់ស៊ីផ្លេសំឡេងប្រដេញ ជូនសមត្ថកិច្ច
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ នេះ បានជូនដំណឹងពីករណីពលរដ្ឋល្អម្នាក់ ស្ម័គ្រចិត្តប្រគល់ស៊ីផ្លេ (សំឡេងប្រដេញ) ជូនសមត្ថកិច្ច។
ស្នងការបានបញ្ជាក់ឱ្យដឹងថា នៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ ប្រជាពលរដ្ឋឈ្មោះ មួន ឡុង មុខរបរ ជាងឡាន នៅភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង ដែលធ្លាប់បានយកស៊ីផ្លេ (សំឡេងប្រដេញ) សម្រាប់លក់ និងតភ្ជាប់ជូនអតិថិជនដែលប្រើប្រាស់រថយន្តធន់ធ្ងន់ បានយកស៊ីផ្លេមកប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង នៃអធិការដ្ឋាននគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែករក្សាបាននៅសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។
ការប្រគល់ជូននេះ ដោយសារតែពលរដ្ឋរូបនេះយល់ឃើញថា សំឡេងស៊ីផ្លេខាងលើអាចធ្វើឱ្យប៉ះពាល់ដល់អ្នកដែលរស់នៅតាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ ក្នុងនោះលោកបានលុបចោលវីដេអូដែលតែងតែបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញផ្សព្វផ្សាយតិកតុក (Tik Tok) ផងដែរ។ ប្រជាពលរដ្ឋខាងលើ សូមគាំទ្រ និងចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សំដៅការពារ អាយុជីវិត និងទ្រព្យសម្បត្តិ ឯកជន និងសាធារណៈ៕