នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងឱ្យបានដឹងថា យោងតាមការអង្កេត ពិនិត្យ និង វិភាគលើស្ថានភាពធាតុអាកាស នៅក្នុងតំបន់ និង យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ ស្តីពីស្ថានភាពចុះអ័ព្ទ ក្រសួងបានបញ្ជាក់ឱ្យបានដឹងថា បាតុភូតចុះអ័ព្ទនេះ នឹងបន្តកើតមានឡើងរហូតដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២៥។
ក្នុងនោះ ក្រសួងធនធានទឹក និង ឧតុនិយម បានឱ្យដឹងថា បាតុភូតចុះអ័ព្ទនេះ នឹងមានការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអាចធ្វើឱ្យអ្នកដំណើរមានការលំបាកខ្លះៗក្នុងពេលធ្វើចរាចរណ៍។
អាស្រ័យដូចនេះ សូមជូនដំណឹងដល់សាធារណជន និង អាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស ចុះអ័ព្ទនេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ ទន្ទឹមនោះ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និង វិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖