អ្នកនិយមគាំទ្រស្នេហាកីឡាបាល់ទាត់ និង អ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា បាននាំគ្នាបង្ហោះសារចូលរួមរំលែកទុក្ខទាំងក្ដីអាល័យ ចំពោះមរណភាពរបស់អតីតកីឡាករបាល់ទាត់ជម្រើសជាតិ ទេស សម្បត្តិ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រឡាយទឹកសាក់សំពៅ ស្ថិតនៅភូមិកំរៃ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយជ្រាបនូវដំណឹងមរណភាពនេះ មហាជន ជាពិសេស អ្នកស្នេហាវិស័យកីឡាបាល់ទាត់ និង មិត្តរួមអាជីពបានចូលរួមរំលែកទុក្ខ និង សោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់ធនធានមនុស្សដ៏ល្អរូបនេះ។ ក្នុងនោះ សពកីឡាករបាល់ទាត់ ទេស សម្បត្តិ បានបូជារួចរាល់ហើយដែរ កាលពីល្ងាចថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ តាមប្រពៃណីរួចរាល់ហើយដែរ។

ដោយឡែក អ្វីដែលកាន់តែរំជួលចិត្តទៀតនោះ មហាជនកំពុងតែបង្ហាញភាពក្តុកក្តួលយ៉ាងខ្លាំង ខណៈភរិយារបស់កីឡាករបាល់ទាត់ ទេស សម្បត្តិ ទើបតែសម្រាលកូនបានប៉ុន្មានខែត្រូវមកជួបទុក្ខធំបាត់បង់ស្វាមីជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់។

ក្នុងនោះ បន្ទាប់ពីរាងកាយស្វាមី បូជារួចរាល់ហើយនោះ ភរិយារបស់លោក ទេស សម្បត្តិ បានបង្ហោះសារយ៉ាងអាឡោះអាល័យមួយឃ្លាថា៖ «មានអ្នកណាសរសើរអូនពូកែទៀតទៅ? ប្តីអូនសរសើរសឹងរាល់ថ្ងៃ អូនពូកែណាស់ តិចល្អវិញហើយ បងនៅជិតអូនដល់ដង្ហើមចុងក្រោយ កុំភ័យបងទៅចោល បងនៅមើលអូនជោគជ័យ។ ចុះនេះអីវិញប្តី ទៅតែឯងម៉េចមិនយកប្រពន្ធទៅកំដរជាមួយផង»៕



