នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទិនទៅនឹងករណី កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ២១ និង ០៨ នាទី មានគណនី Facebook ឈ្មោះ Dok Det សរសេរបង្ហោះថា ៖ «ភ្នាល់ ខ្មែរ-ថៃ Boom! ខ្ញុំចាញ់ ១ កេស ខ្មែរ-ថៃ អត់ Boom! ឈ្នះ ១ កេស» ខណៈការយករឿងរ៉ាវស្ថានការណ៍របស់ប្រទេសជាតិមកភ្នាល់គ្នាលេងជាល្បែងកម្សាន្តនេះ បានទទួលរងនូវការរិះគន់ពីសំណាក់អ្នកនិយមលេងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និង ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អង្គភាព។
ឆ្លើយតបករណីនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា តាមការស្រាវជ្រាវម្ចាស់គណនី Facebook ឈ្មោះ Dok Det ជាកម្មសិទ្ធិរបស់លោក អនុសេនីយ៍ត្រី ដុក ដេត អត្តលេខ ៨៩១៩៥ ឋានៈមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគំរូ នៃអធិការដ្ឋាននគរបាលស្រុក ថ្មពួក។ ក្រោយពីការសាកសួរ លោកអនុសេនីយ៍ត្រី ដុក ដេត បានទទួលស្គាល់ថា លោកពិតជាបានបង្ហោះខ្លឹមសារទាំងអស់នោះមែន ប៉ុន្តែលោកពុំមានចេតនាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់អង្គភាពនោះទេ លោកបានដឹងអំពីកំហុសព្រមទទួលខុស និង បានលុបការបង្ហោះខ្លឹមសារទាំងនោះចេញវិញ។
ជាក់ស្ដែង ការបង្ហោះខ្លឹមសារ របស់លោកអនុសេនីយ៍ត្រី ដុក ដេត បានធ្វើឱ្យអាប់ឱនដល់កិត្តិយស តម្លៃ និង សេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ក្នុងការបំពេញអាជីពរបស់ខ្លួន ពោលមន្ត្រីនគរបាលជាតិ ត្រូវកំណត់នូវសិទ្ធិសេរីភាព និង ឆន្ទៈផ្ទាល់ខ្លួន ឱ្យបានសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញអំពីឧត្តមភាព កិត្តិយស និង តម្លៃរបស់នគរបាលជាតិកម្ពុជា។ ឆ្លើយតបចំពោះកំហុសឆ្គងខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអនុវត្តទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះលោកអនុសេនីយ៍ត្រី ដុក ដេត ស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ចុះថ្ងៃទី ០៥ មីនា ឆ្នាំ ២០២៤៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖