ចោរមានសុជីវធម៌ វាយកញ្ចក់ចូលលួចនំ ឃើញកម្ទេចជ្រុះរាយប៉ាយពេក ឆ្លៀតជួយបោសជូតឡើងស្អាត
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញ Tiktok ក្រោយមានករណីលោកចោរកំពូលមានសុជីវធម៌ វាយបំបែកកញ្ចក់ចូលហាង ហើយឃើញកម្ទេចកញ្ចក់ជ្រុះរាយប៉ាយរញ៉េរញ៉ៃពេញដីពេក ក៏យកអំបោសបោសជូតឱ្យយ៉ាងស្អាត មុននឹងលួចនំខេកអស់ ៦ នំហើយរត់បាត់ទៅ។
ហេតុការណ៍មួយនេះ បានកើតឡើងនៅហាងលក់អាហារ និងភេសជ្ជៈមួយកន្លែង ក្នុងទ្រីក្រុង Vancouver ប្រទេសកាណាដា ដោយម្ចាស់ហាងមានឈ្មោះថា Emma Irvine ជាម្ចាស់គណនី Tiktok ឈ្មោះថា @itsemmaokayy បានយកវីដេអូពីកាមេរ៉ាសុវត្ថិភាព ហើយបង្ហោះរៀបរាប់ថា៖ «កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ៣ ទាបភ្លឺ មានយុវជនម្នាក់ទំនងអាយុខ្ទង់ ២០ ឆ្នាំ បានមកឈរនៅមុខហាងខ្ញុំប្រហែលកន្លះម៉ោង មុននឹងបំបែកកញ្ចក់ចូលក្នុងហាង»។
«បន្ទាប់ពីបានចូលហាង យុវជនរូបនោះបានដើរមកអង្គុយមួយសន្ទុះ មុននឹងក្រោកឡើងទៅបន្ទប់ទឹក ហើយយកអំបោស ប្រដាប់ជូត មកសម្អាតកម្ទេចកញ្ចក់ដែលគាត់វាយបំបែក។ ក្រោយសម្អាតរួច គាត់ក៏បានថតរូប Selfie មួយចំនួន។ យុវជនរូបនេះបានចំណាយពេល ៣០ នាទីដោយធ្វើអាកប្បកិរិយាបែបចម្លែកៗ មុននឹងបើកទូទឹកក ហើយលួចនំខេកសូកូឡាចំនួន ៦ ដែលមានតម្លៃប្រហែល ៣០ ដុល្លារ ហើយរត់ចេញទៅបាត់»៕