កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ ប៉ុស្តិ៍លេខ ៣ ថៃ បានរាយការណ៍ពីករណីមួយ ដែលមានឡានតាក់ស៊ីមួយគ្រឿងមិនព្រមអែបផ្លូវឱ្យឡានពេទ្យសង្រ្គោះបន្ទាន់ ដែលបណ្តាលឱ្យអ្នកជំងឺទៅមន្ទីរពេទ្យមិនទាន់ ដល់ថ្នាក់ដាច់ខ្យល់ស្លាប់តាមផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅលើផ្លូវ Kamala-Patong ស្រុក Kathu ខេត្ត Phuket។ ដោយអ្នកជំងឺជាស្រ្តីវ័យ ៦២ ឆ្នាំ មានជំងឺបេះដូងប្រចាំកាយ ហើយនៅថ្ងៃកើតហេតុស្រ្តីរូបនេះបានកើតការវិលមុខនៅក្នុងចំការទុរេន ទើបសាច់ញាតិក៏បានហៅឡានសង្រ្គោះបន្ទាន់ ឱ្យមកដឹកបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យក្នុងក្រុងភូកេត។

យ៉ាងណាមិញ ខណៈមកដល់ផ្លូវខាងលើ ស្រាប់តែមានឡានតាក់ស៊ីមួយគ្រឿងមិនព្រមចៀសផ្លូវ ហើយថែមទាំងបានបើកមកជិតសរសៀរៗមិនព្រមទៅមុខ ដែលធ្វើឱ្យឡានសង្រ្គោះមិនអាចបង្កើនល្បឿនបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យទាន់ពេលវេលាឡើយ ទោះបីជាខាងក្រុមគ្រូពេទ្យខំជួយសង្រ្គោះនៅលើឡានយ៉ាងណា ចុងក្រោយអ្នកជំងឺនៅតែបាត់បង់ជីវិត។
ដោយឡែក ខាងអាជ្ញាធរពាក់ព័ន្ធបានធ្វើការត្រួតពិនិត្យទៅលើរឿងនេះ និង ចាត់ចែងហៅអ្នកបើកតាក់ស៊ីមកសួរនាំ និង ដំណើរការក្តីទៅតាមផ្លូវច្បាប់ផងដែរ៕

ប្រភព៖ Kapook