កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ នៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន មានហេតុការណ៍ដ៏មិននឹកស្មានមួយបានកើតឡើងចំពោះនារីវ័យ ២៥ ឆ្នាំម្នាក់ ដែលនាងបានទៅវះកាត់ដកធ្មេញទាល់ តែស្រាប់តែងើបឡើងវិញ ត្រូវពេទ្យដេរអណ្តាតជាប់អញ្ចាញនិយាយមិនចេញ។
នារីខាងលើបានរៀបរាប់ឱ្យដឹងថា នាងបានទៅវះកាត់ដកធ្មេញទាល់ជាមួយនឹងគ្រូពេទ្យម្នាក់ គ្រូពេទ្យនោះបានវះអញ្ចាញនាងដើម្បីដកធ្មេញ រួចក៏ដេរបិទទៅវិញ ពោលគឺការវះកាត់ដំណើរការទៅដោយល្អ។ អ្វីដែលនាងមិននឹកស្មាន នៅពេលស្អែកឡើងនាងមានអារម្មណ៍ថាអណ្តាតនាងពិតជាតឹង និង ពិបាកកម្រើកជាខ្លាំង។ លុះនាងពិនិត្យមើលទៅ អណ្តាតរបស់នាងត្រូវបានគេដេរភ្ជាប់ជាមួយនឹងអញ្ចាញធ្មេញ ធ្វើឱ្យនាងមានការឈឺចាប់យ៉ាងខ្លាំង។
នាងបានទៅរកគ្រូពេទ្យភ្លាមៗ ដែលគ្រូពេទ្យបានឱ្យដឹងថាភ្នែកខ្លួនមើលមិនសូវច្បាស់ ទើបបណ្តាលឱ្យកើតរឿងបែបនេះ។ នាងឮបែបនេះហើយពិតជាខឹងណាស់ ហើយក៏បានទាមទារឱ្យមន្ទីរពេទ្យសងថ្លៃវះកាត់មកឱ្យនាងវិញ ដែលអស់ប្រមាណជាង ២០០ ដុល្លារ។ ដោយឡែក ខាងមន្ទីរពេទ្យបានចេញមកសុំទោស ហើយនឹងត្រួតពិនិត្យបន្ថែមទៀត ប៉ុន្តែមិនព្រមប្រគល់លុយឱ្យទៅនាងវិញនោះទេ ដោយអាងថាមិនបានបង្កជាគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ៕
ប្រភព៖ Sanook