នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និង បសុព្យាលរាជធានីភ្នំពេញ បានចុះឃាត់ចាប់រថយន្តមួយគ្រឿងម៉ាក SSANGYONG ISTANA ដឹកស៊ុតសត្វមាន់ចំនួន ៨០ ដុំ ស្មើនឹង ២៤,០០០ គ្រាប់ លើផ្លូវជាតិលេខ ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពបានឱ្យដឹងថា រថយន្តខាងលើ បានដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រករបៀងមួយកន្លែង ដែលស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង (តាមការឆ្លើយពីម្ចាស់បើកបររថយន្តដឹកស៊ុតមាន់) រួចដឹកមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រោយការបង្ក្រាប ក្រុមការងារបាននាំយកវត្ថុតាង និង បទល្មើសទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធី៕