មហាជនអ្នកគាំទ្រតាមដានរបស់តារាស្រីរូបស្រស់ មាន សូនីតា កន្លងមកសុទ្ធសឹងតែជ្រាបហើយជុំវិញរឿងឯកជនរបស់នាង បើពាក់ព័ន្ធរឿងរ៉ាស្នេហា គឺគេពុំដែលឃើញនាងបង្ហាញពីទំនាក់ទំនងស្នេហាជាមួយបុរសរូបណាជាសាធារណៈឡើយ ដែលតែងធ្វើឱ្យមហាជនទន្ទឹងចាំមើលថាបុរសរូបណាអាចឆក់យកបេះដូងរបស់នាងបាន។
ដោយឡែក មកដល់ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងផ្ទុះចាប់អារម្មណ៍ភ្ញាក់ផ្អើល និង ហាក់អបអរខ្លាំង ខណៈបានឃើញតារាស្រី មាន សូនីតា បង្ហោះរូបភាពប៉ុន្មានសន្លឹកលើហ្វេសប៊ុក ដែលបានបង្អួតចិញ្ចៀនពេជ្រពាក់លើដៃឆ្វេង ព្រមទាំងមានរូបភាពជាមួយបុរសម្នាក់យ៉ាងផ្អែមល្ហែម ហាក់កំពុងបង្ហាញពីទំនាក់ទំនងពិសេស ឬដំណឹងល្អទៀតផង។
ក្នុងនោះ កញ្ញា មាន សូនីតា ក៏មិនបានបង្ហាញមុខមាត់បុរសរូបសង្ហាក្នុងរូបភាពដ៏ផ្អែមល្ហែមជាមួយនាងច្បាស់នៅឡើយទេ ព្រមទាំងក៏ពុំទាន់បញ្ជាក់ថាអ្នកទាំងពីរត្រូវជាអ្វីនឹងគ្នាដែរ ដោយគ្រាន់តែនាងបានភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «អរគុណសម្រាប់គ្រប់យ៉ាង»។
ក្រោយឃើញការបង្ហោះនេះដែរ មហាជនអ្នកគាំទ្រលើហ្វេសប៊ុក ក៏ដូចជាអ្នកសិល្បៈជាច្រើន បានផ្ទុះចែករំលែកបញ្ចេញមតិបន្តបន្ទាប់ ដោយភាគច្រើនបង្ហាញការអបអរសាទរចំពោះតារាស្រីរូបនេះ ព្រមទាំងចង់ឱ្យនាងបង្ហាញពីទំនាក់ទំនងកាន់តែច្បាស់ផងដែរ៕