ស្របពេលមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជា កំពុងចាប់អារម្មណ៍តាមដានសកម្មភាពរបស់បវរកញ្ញាកម្ពុជា ហ្វីយ៉ាតា ក្នុងកងប្រកួតកម្មវិធីអន្តរជាតិ Miss Universe 2025 យ៉ាងមោះមុត មកដល់យប់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក៏ឃើញមានរឿងរ៉ាវដ៏ភ្ញាក់ផ្អើល ខណៈបានឃើញបវរកញ្ញា ហ្វីយ៉ាតា បង្ហោះសារលើ Story អ៊ីនស្ដាក្រាម ទាំងទឹកភ្នែក ក្រោយរងការនិយាយចំអកឡកឡាយ និង មើលងាយពីអ្នកកាសែតជនជាតិថៃម្នាក់។


តាមរយៈការចែករំលែកលើបណ្ដាញសង្គមក្រុមអ្នកគាំទ្ររបស់បវរកញ្ញា ហ្វីយ៉ាតា និង បវរកញ្ញារូបនេះផ្ទាល់ ក៏បានបង្ហាញឱ្យដឹងថាមិនមែនជាលើកទី ១ ទេ ដែលនាងរងការនិយាយចំអកឡកឡាយមើលងាយពីជនជាតិថៃអំឡុងពេលប្រកួតពីមួយវគ្គទៅមួយវគ្គ ដែលក្នុងនោះមានជនជាតិថៃ ២ រូប គេស្គាល់ថាជាក្រុមហ្វេសប៊ុកផេកផ្សព្វផ្សាយព័ត៌មានបវរកញ្ញា បាននិយាយជាភាសាថៃឡកឡាយក្នុងន័យមើលងាយលើនាងម្ដងហើយម្ដងទៀត។


ស្របពេលបវរកញ្ញាកម្ពុជារងការឡកឡាយខ្លាំងពីជនជាតិថៃនេះដែរ ក៏បានឃើញមានបេក្ខភាពបវរកញ្ញាប្រទេសផ្សេងៗច្រើនរូប បានផ្ញើសារបង្ហាញក្ដីបារម្ភ និង ជួយលើកទឹកចិត្ត ព្រមទាំងអ្នកខ្លះបាននិយាយការពារបវរកញ្ញា ហ្វីយ៉ាតា ពីក្រុមជនជាតិថៃដែលប្រើពាក្យមិនសមរម្យមើលងាយលើបវរកញ្ញា ហ្វីយ៉ាតា ទៀតផង។

លើសពីនេះ ក្រៅពីបេក្ខភាពបវរកញ្ញាប្រទេសផ្សេងៗបង្ហាញការលើកទឹកចិត្ត ក៏បានឃើញកញ្ញា ហ្វីយ៉ាតា បង្ហោះពីសាររបស់ស្ថាប័ន MUO ដែលបានចេញសារប្រកាសជុំវិញរឿងរ៉ាវខាងលើ ដែលស្ថាប័នបានអរគុណទៅកាន់បវរកញ្ញាប្រទេសដទៃទៀតសម្រាប់ការយកចិត្តទុកដាក់ចំពោះបវរកញ្ញាកម្ពុជា ហើយស្ថាប័នក៏បានបញ្ជាក់ថានឹងធានាលើសុវត្ថិភាព និង ជួយដោះស្រាយបញ្ហានេះឱ្យបវរកញ្ញាកម្ពុជាផងដែរ៕



