រៀបការហើយឈប់ពីសិល្បៈ! Eric លះបង់អស់សូម្បីភាពសង្ហា យកពេលមើលថែប្រពន្ធកូន
ក្រោយពីលាភាពនៅលីវ ដើម្បីរៀបការសាងគ្រួសារកាលពីឆ្នាំ ២០១៧ តារាចម្រៀងប្រុស Eric អតីតសមាជិកក្រុម Shinhwa ថ្មីៗនេះ ត្រូវបានទស្សនិកជនដែលជាអ្នកគាំទ្ររបស់លោកពីមុនៗ បានប្រទះឃើញរូបថតបច្ចុប្បន្នបង្ហោះនៅលើបណ្តាញសង្គមក្នុងប្រទេសកូរ៉េ ដោយមនុស្សភាគច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង មិននឹកស្មានថា តារាប្រុសរូបនេះមានការប្រែប្រួលខ្លាំង រហូតដល់គេគិតថាលោកមានបញ្ហាសុខភាព។
យ៉ាងណាមិញ បើតាមប្រភពពីអ្នកស្និទ្ធនឹង Eric បានប្រាប់ទៅសារព័ត៌មាន OSEN ឱ្យដឹងថា លោកមិនបានឈឺនោះទេ ដោយសារតែលោកផ្តោតលើការមើលថែគ្រួសារ ពិសេសគឺកូនរបស់លោក ហើយលោកក៏មិនមានគម្រោងចង់វិលចូលប្រឡូកក្នុងសិល្បៈវិញដែរ។
ហើយដើម្បីកុំឱ្យទស្សនិកជនដែលធ្លាប់ស្គាល់លោកពីមុនមានការព្រួយបារម្ភ ថ្មីៗនេះ Eric ក៏បានបង្ហោះរូបថត និងបញ្ជាក់ដោយផ្ទាល់ថា៖ «ខ្ញុំអត់មានបញ្ហាសុខភាពទេ ដោយសារតែរវល់មើលថែកូន (សើច)។ ទោះជាយ៉ាងណាក៏ដោយ ពិតជាអរគុណណាស់សម្រាប់ព័ត៌មានចុះផ្សាយ មើលទៅដូចជារូបថតនោះកាលខ្ញុំមើលកូនដំបូងៗ ដូច្នេះហើយ ទើបអត់បានគេងគ្រប់គ្រាន់។ ខ្ញុំមានអារម្មណ៍ថា អៀនតិចៗដែរ យ៉ាងណាក៏អរគុណគ្រប់គ្នាដែលបារម្ភ ខ្ញុំ និង ប្រពន្ធកូន មានសុភមង្គល និង សុខសប្បាយជាទេ»៕