មិនទាន់ទាំងចាប់ផ្តើមជាផ្លូវការផង កម្មវិធីស៊ីហ្គេមឆ្នាំ ២០២៥ ដែលមានថៃជាម្ចាស់ផ្ទះ ហាក់មានបញ្ហា និងការរអាក់រអួលជាបន្តបន្ទាប់ ជាពិសេសគឺត្រូវប្រជាជនឯងចោទថារដ្ឋាភិបាលរៀបចំកម្មវិធីឱ្យតែរួចពីដៃប៉ុណ្ណោះ គឺគ្មានការតាំងចិត្តបន្តិចសោះ។

ជាក់ស្តែង គ្រាន់តែរូបភាពផ្សព្វផ្សាយ ដែលជា Poster ធម្មតាមួយសន្លឹកផុសនៅលើបណ្តាញសង្គម SEA GAMES Thailand 2025 ក៏មើលទៅជារូបភាពធ្វើឡើងពី AI ដែរ ទាំងដែលកញ្ចប់ថវិកាសម្រាប់ការផ្សព្វផ្សាយរូបភាពទាំងនេះ ត្រូវបានគេដឹងថាមានរហូតដល់ទៅ ៨ លានបាត ដែលស្មើប្រមាណ ២៥ ម៉ឺនដុល្លារឯណោះ។ ទង្វើមួយនេះ បានធ្វើឱ្យប្រជាជនក្នុងប្រទេសថៃ កាន់តែហួសចិត្ត និងនាំគ្នារិះគន់យ៉ាងខ្លាំងសម្បើមណាស់ ព្រោះមើលទៅរដ្ឋាភិបាលគ្មានវិជ្ជាជីវៈក្នុងការរៀបចំសោះ ពោលគឺមានបញ្ហាមិនចេះចប់ ការរៀបចំក៏មើលទៅអត្តខាត់ ដែលធ្វើឱ្យខ្មាសចំពោះអន្តរជាតិពេញពិភពលោក។

យ៉ាងណាមិញ លោក Thammanat Prompao ដែលជាឧបនាយករដ្ឋមន្រ្តីថៃ បានចេញមុខមកអះអាងហើយថា លោកបានព្យាយាមអស់ពីសមត្ថភាពចំពោះកម្មវិធីមួយនេះ ហើយលោកសូមឱ្យមហាជនរង់ចាំមើលថ្ងៃបើកព្រឹត្តិការណ៍ជាផ្លូវការសិន កុំទាន់នាំគ្នារិះគន់អី៕

