នាពេលថ្មីៗនេះ តាមរយៈឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា ស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសពីរជាន់ដំបូងគេ នៅប្រទេសកម្ពុជា គ្រោងនឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។
បន្ទាប់ពីការសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឆាប់ៗខាងមុខនេះ ច្បាស់ណាស់ថា ស្ពានអាកាស «មរតកតេជោ» នឹងជួយកាត់បន្ថយដល់ការខាតបង់ពេលវេលាក្នុងការធ្វើដំណើរ សន្សំសំចៃ សម្រួលលំហូរចរាចរណ៍ ជួយឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ពិសេសពេលរដូវបុណ្យទានម្តងៗដូចជាក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះជាដើម និង ជួយកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថី ព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ក្រៅពីស្ពានអាកាស «មរតកតេជោ» នេះផងដែរ ក៏មានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត នឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕