ថ្មីៗនេះ មានករណីមិននឹកស្មានមួយនៅប្រទេសចិន ដែលបុរសម្នាក់ទៅពេទ្យធ្មេញ តែពេទ្យធ្វើធ្មេញឱ្យឈឺខ្លាំងពេក ទ្រាំមិនបាន លេងវាយពេទ្យបែកឈាមពេញបន្ទប់។
សារព័ត៌មាន បានរាយការណ៍ឱ្យដឹងថា ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ បុរសខាងលើនេះមានវ័យ ២១ ឆ្នាំ បានទៅគ្លីនិកធ្មេញមួយកន្លែង ដើម្បីពិភាក្សារឿងពត់ធ្មេញ។ លុះអ្នកគ្រូពេទ្យដែលប្រចាំការបានណែនាំរួច ក៏បានធ្វើការសម្អាតធ្មេញឱ្យ តែមិនយូរប៉ុន្មានស្រាប់តែបុរសរូបនោះស្រែកថាឈឺ ហើយក៏បានស្ទុះងើបមកដាល់អ្នកគ្រូពេទ្យចំកណ្តាលមុខ បំផ្លាញរបស់របរក្នុងបន្ទប់ និង ស្រែកជេរមិនដាច់ពីមាត់សោះ បើទោះជាមានអ្នកជួយឃាត់យ៉ាងណាក៏ដោយ។
យ៉ាងណាមិញ ខាងគ្លីនិកក៏បានសុំអន្តរាគមន៍ពីប៉ូលិស តែពេលប៉ូលិសមកដល់បុរសនេះក៏បានគេចខ្លួនបាត់ ប៉ុន្តែគេចមិនបានប្រមាណ ១០ នាទីផង គេក៏ចូលទៅប្រគល់ខ្លួនឱ្យប៉ូលិស ហើយសារភាពថាខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើអ្នកគ្រូពេទ្យមែន ព្រោះតែខឹងអ្នកគ្រូធ្វើធ្មេញឈឺច្រើនដងពេក។ ដោយឡែក អ្នកគ្រូពេទ្យមានរបួសពេញមុខ ច្រមុះជាំហើមយ៉ាងខ្លាំង ព្រមទាំងមានឈាមហូរមិនបាត់៕
ប្រភព៖ Kapook