ក្រោយពីរងចាំអស់រយៈពេល ៩ ខែ ១០ ថ្ងៃ ហើយនោះ កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ តារាចម្រៀងប្រុស ជា សុជាតិ សមាជិក «ក្មេងខ្មែរ» និង ភរិយា បានឃើញមុខកូនប្រុសដំបូងហើយ ដោយអ្នកម៉ាក់ និង ទារកទទួលបានសុខភាពល្អដូចគ្នា។
ក្នុងនោះដែរ លោក ជា សុជាតិ និង ភរិយា ក៏ត្រូវបានមហាជន និង មិត្តភក្តិ ទាំងក្នុង-ក្រៅសិល្បៈជាច្រើន បានចូលរួមអបអរសាទរដល់ប៉ាម៉ាក់ថ្មីថ្មោងខាងលើនេះជាបន្តបន្ទាប់ផងដែរ។ លើសពីនោះ អ្នកគាំទ្រជាច្រើនបានចាប់ក្រសែភ្នែកមើលអូនតូចទើបសម្រាលមានមុខមាត់កាត់ទៅរកអ្នកណាជាង។
ស្របគ្នានឹងការចូលរួមអបអរសាទរដល់លោកប៉ាអ្នកម៉ាក់ថ្មីថ្មោងនេះដែរ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះប្រតិកម្មជំនួស លោក ជា សុជាតិ ខណៈមានបុរសម្នាក់បានចូលទៅបញ្ចេញយោបល់ក្រោមរូបភាពរបស់លោក ជា សុជាតិ ជាមួយអត្ថន័យថា ៖ «បងតារាល្បី ហេតុអីមានប្រពន្ធអាក្រក់ម្ល៉េះ តែបានកូន cute យោង»។
ការបញ្ចេញមតិរបស់បុរសរូបនោះដែរ លោក ជា សុជាតិ មិនបានតបតនោះឡើយ ប៉ុន្ដែគេឃើញមានតារាប្រុសស្រី និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចេញមុខប្រតិកម្មនឹងបុរសរូបនោះ ដោយលើកឡើងថា ខំមិនមិនចេះគិត មិនបានឆ្លងកាត់ខួរក្បាលជាដើម។ លើសពីនោះដែរ ក៏មានការបញ្ចេញមតិជាច្រើនបានលើកទឹកចិត្តភរិយាលោក ជា សុជាតិ ថាអ្នកនាងទើបតែសម្រាលកូនហើយ តែងតែផ្លាស់ប្តូររូបរាងបែបនេះហើយ ហើយមនុស្សស្រីលះបង់ណាស់ មិនគួរណាបុរសនោះលើកឡើងបែបនេះឡើយ៕