នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ១៥ និង ០០ នាទី ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងពិនិត្យឃើញរថយន្តសាំយ៉ុងចំនួន ៨ គ្រឿង បានដឹកត្រីក្លាសសេប្រភេទ (ត្រីពោ និង ត្រីកាប) នាំចូលពីប្រទេសថៃ នៅចំណុចភូមិសាស្រ្តតាមផ្លូវជាតិលេខ ៥ ចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ត្រីទាំងអស់មានចំនួន ២៤ តោន ត្រូវបានសមត្ថកិច្ចបាននាំមកកាន់ស្នងការដ្ឋានធ្វើការសាកសួរ ហើយលទ្ធផលនៃការសាកសួរបានដឹងថា រថយន្តទាំង ៨ គ្រឿង ដែលដឹកត្រីនេះ មានលិខិតអនុញ្ញាតឱ្យដឹកត្រីពីរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទចំនួនតែ ១០ តោនតែប៉ុណ្ណោះ ដូច្នេះត្រីក្លាសេចំនួន ១៤ តោន ទៀតមិនមានការអនុញ្ញាតនោះទេ។
ស្របតាមអនុសាសន៍របស់ឯកឧត្តម កែវ សុជាតិ ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បច្ចុប្បន្នរថយន្ត និង ត្រីក្លាសសេទាំងនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅជំនាញជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ