ក្តៅគគុក! អ្នកដឹកនាំរឿងល្បីៗ ចេញមុខទាមទាររកយុត្តិធម៌ ក្រោយការស្ល-ា.ប់របស់ Lee Sun Kyun
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Herald បានរាយការណ៍ថា សមាគមសិល្បៈ និង វប្បធម៌សាមគ្គីមានសមាជិកចំនួន ២៩ នាក់ ដែលទើបបង្កើតឡើងនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៤ រួមមានទាំងសិល្បករមកពីមហោស្រពភាពយន្តប៊ូសាន និង សមាគមផលិតករកូរ៉េ បានចេញសេចក្តីថ្លែងការណ៍អំពាវនាវដល់រដ្ឋាភិបាល និង ប្រព័ន្ធផ្សព្វផ្សាយឱ្យទប់ស្កាត់ករណីស្លាប់ស្រដៀងគ្នានឹងលោក Lee Sun Kyun នៅពេលអនាគត។
ក្នុងនោះដែរ ប្រភពដដែលបានបន្តថា តំណាងសមាគមបានប្រកាសថានឹងធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងសេអ៊ូលនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ដោយក្រោកឈរដើម្បីនិយាយ និង ទាមទារយុត្តិធម៌ រួមមានអ្នកដឹកនាំរឿង Bong Joong Ho (អ្នកនៅពីក្រោយភាពជោគជ័យរបស់ Parasite ដែលទទួលបានពានរង្វាន់ Oscar សម្តែងដោយ Lee Sun Kyun) តារាចម្រៀង និង អ្នកនិពន្ធបទចម្រៀង Yoon Jong Shin និង អ្នកដឹកនាំរឿង Lee Won Tae និង ប្រធានសមាគមអ្នកផលិតកូរ៉េ Choi Jeong Hwa។
ដោយខាងតំណាងសមាគមបាននិយាយថា ៖ «ការស្លាប់របស់ Lee Sun Kyun គឺជាសោកនាដកម្មដ៏ធំបំផុត ហើយពួកយើងសង្ឃឹមថានឹងមិនមានករណីនេះនឹងកើតឡើងម្តងទៀត។ ពួកយើងសូមអំពាវនាវឱ្យភ្នាក់ងារស៊ើបអង្កេតស្វែងរកការពិត»។
គួររំឭកផងដែរថា តារាសម្ដែង Lee Sun Kyun បានទទួលមរណភាពនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ ដោយលោកត្រូវបានគេប្រទះឃើញគេងស្លាប់នៅក្នុងឡាននៅចំណតឡានជិតសួន Waryong ក្នុងទីក្រុងសេអ៊ូល។ ដោយសារតែការស្លាប់របស់តារាប្រុស A-list របស់កូរ៉េ បានធ្វើឱ្យកក្រើកពិភពកម្សាន្ត ព្រោះមុនឈានដល់ការសម្រេចចិត្តសម្លាប់ខ្លួនឯង លោកបានឆ្លងកាត់ការសួរចម្លើយរបស់ប៉ូលិសចំនួន ៣ លើក ពីសង្ស័យប្រើប្រាស់គ្រឿងញៀន។
លើសពីនេះ មុនពេលស្លាប់ តារាប្រុសរូបនេះក៏បានអះអាងម្ដងហើយម្ដងទៀតថា លោកមិនមានកំហុស ហើយសុំឱ្យមានការបញ្ជាក់ច្បាស់ពីប៉ូលិសផងដែរ៕