កម្រណាស់! Oab និង Maprang បែកគ្នាមែន តែមិនបានពាក់មុខយក្សដាក់គ្នាទេ នៅរាប់គ្នាជាមិត្តគួរឱ្យសរសើរ
អស់រយៈពេល ៦ ឆ្នាំហើយ ដែលតារាសម្ដែងប្រុសរូបសង្ហា Oab Oabnithi និង តារាសម្ដែងស្រី Maprang Alrisaa បានប្រើឈ្មោះជាសង្សារជាមួយគ្នា។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ គេឃើញអ្នកទាំងពីរមានភាពផ្អែមល្ហែមនឹងគ្នា តែងធ្វើដំណើរកម្សាន្តទៅបរទេសជាញឹកញាប់។
ដោយឡែក ថ្មីៗនេះ ចំណងស្នេហ៍អ្នកទាំងពីរក៏ត្រូវបានបញ្ចប់ដោយបន្សល់ទុកអនុស្សាវរីយ៍ល្អៗឱ្យគ្នាប៉ុណ្ណោះ។ សម្រាប់មូលហេតុនៃការចែកផ្លូវគ្នានេះ តារាស្រី Maprang បានឱ្យដឹងថាមកពីហេតុផលផ្ទាល់ខ្លួនដែលនាងពុំអាចជម្រាបបានឱ្យលម្អិត តែយ៉ាងណាកន្លងមកនាង និង សង្សារព្យាយាមសម្រួលគ្នាហើយតែក៏នៅមិនអាចបន្តបាន ទើបសម្រេចចិត្តថាចែកផ្លូវគ្នាតែម្តង។
ដ្បិតថាចែកផ្លូវគ្នាក៏ពិតមែន តែតារាស្រីប្រុសគូនេះនៅបន្តរាប់អានគ្នាជាមិត្តភក្តិ និង រួមការងារនឹងគ្នាដូចដើម។ តួយ៉ាងកាលពីពេលថ្មីៗកន្លងទៅ តារាប្រុស Oab និង ស្រីស្រស់ Maprang បានកាន់ដៃគ្នាចូលរួមកម្មវិធីមួយដោយទឹកមុខញញឹមរីករាយធម្មតា ក៏ដូចជាស្និទ្ធស្នាលគ្នាពុំមានបញ្ហាអ្វីឡើយ។ ក្នុងនោះ ប្រុសសង្ហា Oab និង ស្រីស្អាត Maprang បានផ្តល់បទសម្ភាសដល់អ្នកកាសែតថា ខណៈនេះផ្លូវចិត្តបានល្អប្រសើរ សប្បាយរីករាយធម្មតា ជាពិសេសអ្នកទាំងពីរបាន Move On រៀងៗខ្លួនហើយ៕
ប្រភព៖ Gossip Star