មកដល់ពេលនេះ លើបណ្ដាញសង្គមមហាជនកម្ពុជា អ្នកសិល្បៈ និង បុគ្គលល្បីៗជាច្រើន បាន និង កំពុងបន្តរួមគ្នាជាកម្លាំង ជំនួយដល់ជាតិមាតុភូមិតាមរយៈសកម្មភាពសប្បុរសធម៌ផ្សេងៗ ព្រមទាំងបង្ហាញការគោរពអរគុណ និង ដឹងគុណដល់វីរកងទ័ពជួរមុខដែលបានពលីក្នុងសមរភូមិការពារជាតិ។
ជាក់ស្ដែង ងាកមើលកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ស្របពេលកម្ពុជារងការឈ្លានពានកន្លងមក ដ្បិតតែអ្នកនាងកំពុងស្ថិតនៅក្រៅប្រទេស ប៉ុន្តែអ្នកនាងក៏បានបង្ហាញសកម្មភាពយ៉ាងសកម្មចូលរួមជួយប្រទេសជាតិ តាមរយៈការប្រើសំឡេងជួយផ្សព្វផ្សាយរកយុត្តិធម៌ សន្តិភាព និង ភាពស្អាតស្អំជូនជាតិ ព្រមទាំង ដាក់ជាមូលនិធិក្រៅប្រទេស ដើម្បីចូលរួមជាជំនួយដល់កងទ័ព និង បងប្អូនភៀសសឹកផងដែរ។
មកដល់ពេលនេះដែរ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានបង្ហាញសកម្មភាពត្រឡប់ពីអូស្ដ្រាលីមកកម្ពុជាវិញ ដែលបាននាំយកជំនួយមូលនិធិពីបងប្អូនខ្មែរនៅក្រៅប្រទេស ដើម្បីរៀបចំជាស្បៀងអាហារ សម្ភារផ្សេងៗ ព្រមទាំងថវិកា ត្រៀមចុះទៅជួយដល់បងប្អូនគ្រួសារវីរកងទ័ពពលី និង បងៗកងទ័ពជួរមុខផ្ទាល់។
ក្នុងនោះ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានរៀបរាប់បន្ថែមលើវីដេអូថា ៖ «នេះជាបេសកម្មមួយសម្រាប់រូបនាងខ្ញុំ ដែលជាមូលនិធិកើតចេញពីបេះដូង ប្រជាជនខ្មែរ ទាំងអស់ មិនថាក្នុង និង ក្រៅស្រុក រួមគ្នាជាកម្លាំង និង ជំនួយដ៏សំខាន់ដល់បងៗវីរកងទ័ពនៅជួរមុខ។ យើងរួមគ្នា ដើម្បីកម្ពុជាអង់អាចក្លាហាន នាងខ្ញុំ និង ក្រុមការងារ នៅតែបន្តទទួលការចូលរួមមូលនិធិ ពីបងប្អូនគ្រប់រូប»៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖