មិនឡូយនឹងជក់ទេ! ក្រសួងប្រាប់ច្បាស់ៗ ការប្រើជក់បារីអេឡិចត្រូនិច អាចបណ្ដាលឱ្យកើតជំងឺមហារីក និង ប៉ះពាល់ខួរក្បាល
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និង ផលិតផលអេចធីភី ជាផលិតផលដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និង បណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។
ស្របគ្នានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា បារីអេឡិចត្រូនិកមានឈ្មោះជាច្រើនដូចជា E-cigs, Mods, Vape pens, Vapes, ជាដើម ខណៈចំហាយបារីអេឡិចត្រូនិកដែលអ្នកប្រើប្រាស់ស្រូបយកពី ឧបករណ៍ និងបញ្ចេញមកវិញមានសារធាតុដែលមានគ្រោះថ្នាក់ រួមមាន៖
– នីកូទីន (Nicotine)
– ភាគល្អិតៗដែលអាចស្រូបចូលទៅក្នុងសួត
– សារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលអាចបណ្តាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ
– សារធាតុសរីរាង្គដែលងាយហើរ
– សារធាតុគីមីដែលអាចបណ្តាលឱ្យមានជំងឺមហារីក
– ក្រុមលោហៈធ្ងន់ ដូចជា នីកែល សំណប៉ាហាំង និងសំណ
ទន្ទឹមគ្នានេះផងដែរ បារីអេឡិចត្រូនិកបង្កផលប៉ះពាល់លើសុខភាព ដោយសារសារធាតុនីកូទីនអាចបណ្តាលឱ្យមាន ភាពញៀនខ្លាំង មានគ្រោះថ្នាក់ដល់គភ៌ ពុលដល់ទារកក្នុងផ្ទៃពោះ មានហានិភ័យដល់ការលូតលាស់ខួរក្បាល ហើយសារធាតុល្អិតៗ ដែលជ្រាបចូលដល់ក្នុងសួតអាចបណ្តាលឱ្យមានជំងឺមហារីក។ ការប្រើប្រាស់បារី អេឡិចត្រូនិកអាចបណ្តាលឱ្យកុមារ និងក្មេងជំទង់ញៀន ហើយក៏មានផលប៉ះពាល់ ដល់ការលូតលាស់ខួរក្បាល និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាលដែលនាំឱ្យមានការថយចុះនៃការផ្ចង់អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។ នីកូទីនក៏ដូច ជាសារធាតុញៀនដទៃទៀតដែរ វាអាចបណ្តាលឱ្យមានការប្រែប្រួលផ្លូវចិត្ត (Mood) ការប្រើប្រាស់នីកូទីន អាចបណ្តាលឱ្យមានភាពរើមេ (Withdrawal) ដែលអាចសំដែងចេញជា ភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖