កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ នាយកដ្ឋានធនធានដីរបស់ប្រទេសថៃ បានចេញសារដាស់តឿនប្រជាជនពីហានិភ័យនៃការទទួលរងទឹកជំនន់ភ្លាម និង ការបាក់ដីចំពោះខេត្តមួយចំនួននៅក្នុងប្រទេស ដែលអាចកើតឡើងបានក្នុងចន្លោះចាប់ពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥។

ក្នុងនោះ ខេត្តដែលអាជ្ញាធរថៃបានប្រកាសឱ្យមានការប្រុងប្រយ័ត្នខ្ពស់ រួមមាន Chiang Mai, Chiang Rai, Phayao, Phrae, Uttaradit, Nan, Mae Hong Son, Lamphun, Phitsanulok និង Uthai Thani។

យ៉ាងណាមិញ អាជ្ញាធរបានឱ្យដឹងទៀតថា ខណៈនេះសម្ពាធខ្ពស់ពីប្រទេសចិនបានសាយភាយមកគ្របដណ្តប់លើប្រទេសវៀតណាម និង សមុទ្រចិនខាងត្បូង ដែលបណ្តាលឱ្យតំបន់មួយចំនួនក្នុងប្រទេស ដូចជាតំបន់ខាងជើង និង តំបន់កណ្តាល បានទទួលរងព្យុះរដូវក្តៅ និង មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដោយបរិមាណទឹកភ្លៀងមានដល់ ១០០ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ទើបអាចបណ្តាលឱ្យមានការបាក់ដី និង ទឹកជំនន់ភ្លាមៗ៕

ប្រភព៖ CH3plus