មហាជននិយមតាមដានផេកផ្លូវការរបស់តារាចម្រៀង N.John កូនប្រុសបង្កើតរបស់ឧកញ៉ា ព្រាប សុវត្ថិ ដែលកំពុងតែឈរជើងលើវិស័យតន្ត្រីនៅឯសហរដ្ឋអាមេរិក បានចាប់ក្រសែភ្នែកមើលនូវការបង្ហាញសកម្មភាពការងារ ជាពិសេស ការចេញបទចម្រៀងថ្មីរបស់លោក ហាក់ចៃដន្យចំពេលវេលា ដែលព្រំដែនកម្ពុជាកំពុងឡើងកម្តៅជាថ្មីជាមួយនឹងប្រទេសថៃ។

ជាក់ស្តែង កាលពីយប់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ តាមរយៈផេកផ្លូវការរបស់លោក N.John បានបង្ហោះនូវវីដេអូ អមនឹង caption បញ្ជាក់ពីចម្រៀងថ្មីជាច្រើនបទរបស់លោក ដែលនឹងត្រៀមចេញនៅថ្ងៃទី ២១ ខែវិច្ឆកា ឆ្នាំ ២០២៥ ខាងមុខ ដែលហាក់ចៃដន្យមិនល្អ នៅថ្ងៃប្រកាសនេះ កម្ពុជាកំពុងត្រូវបានទាហានថៃបានប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឱ្យពលរដ្ឋមួយចំនួនរងរបួសនៅភូមិព្រៃចាន់។

ការប្រកាសដំណឹងពីចម្រៀងថ្មីរបស់លោក N.John លើកនេះ មិនខុសពីសព្វមួយដងនោះឡើយ ដោយលោករងការរិះគន់យ៉ាងខ្លាំងជាថ្មីពីមហាជន ដោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានលើកឡើងថា ការបង្ហោះផ្សព្វផ្សាយពីស្នាដៃថ្មីរបស់លោក N.John ចំពេល ដែលកម្ពុជា និង ប្រទេសថៃមានបញ្ហា គឺមិនមែនជាលើកទី ១ នោះទេ ពោលគឺ ចំនួន ៣ ទៅ ៤ ដងហើយ៕




